កុមារីម្នាក់ទៀតហើយ ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាវះកាត់ភ្ជិតបេះដូងដោយជោគជ័យ ផ្តល់ក្តីសង្ឃឹម និងពន្លឺជីវិតថ្មី បន្ទាប់ពីកុមារីរូបនេះ បានជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
(ភ្នំពេញ)៖ កុមារី ម៉ង់ ធីដាណា អាយុប្រមាណ ៥ឆ្នាំ រស់នៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រោះតែជំងឺបេះដូងពីកំណើតមកនោះ ធ្វើឱ្យរូបគេស្គមរីងរៃ មិនធំធាត់ដូចក្មេងដទៃនោះឡើយ។
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ម្តាយកុមារីជាកម្មការិនី បាននាំកូនស្រីទៅចូលរួមក្នុងកម្មវិធីសំណេះសំណាលមួយក្នុងស្រុកក្រគរ ដែលធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន។
ស្ត្រីជាម្តាយបានស្ពាយបំណងតាំងពីផ្ទះនាំកូនស្រីជួបព្រះរស់ ជួយសង្គ្រោះជីវិត។ ដូច្នេះក៏បាននាំកូនស្រីអង្គុយកៅអីជួរមុខកន្លែងដែលសម្តេចតេជោអញ្ជើញធ្វើដំណើរឆ្ពោះទៅកាន់វេទិកាកិត្តិយសតែម្តង។ ពិតជាសំណាងខ្ពស់មិនខកបំណងនោះឡើយ។ សម្តេចតេជោ តែងមានទម្លាប់ស្និទ្ធស្នាល និងសួរសុខកម្មករ កម្មការិនីចូលរួមកម្មវិធីដោយផ្ទាល់ ហើយក៏បានជួបកុមារីដែលកំពង់ស្ពាយជំងឺបេះដូងជាប់ខ្លួននោះ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ស្ត្រីជាម្តាយបានរៀបរាប់ពីស្ថានភាពជំងឺកូនស្រី ជម្រាបសម្តេចតេជោ ទាំងទឹកភ្នែកហូរសស្រាក់។
ក្រោយទទួលបានព័ត៌មានពីស្ថានភាពជំងឺរបស់កុមារីរូបនេះរួចហើយ បានធ្វើឱ្យសម្តេចតេជោមេដឹកនាំពោរពេញដោយព្រហ្មវិហារធម៌កើតក្តីអាណិតរំជួលចិត្តជាពន់ពេក។ សម្តេចតេជោ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងបានណែនាំលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលអញ្ជើញចូលរួមក្នុងកម្មវិធីដែរនោះ ឱ្យចាត់ចែងស្វែងរកការព្យាបាលជូនកុមារី។
មិនបង្អង់នោះឡើយ លោកស្រី យក់ សម្បត្តិ ក៏បានចាត់ចែងភ្លាម បញ្ជូនកុមារីរូបនោះស្វែងរកការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា កុមារី ម៉ង់ ធីដាណា ធ្លាប់បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាកាលពីឆ្នាំ២០១៨ ដោយសាររលាកសួតធ្ងន់ធ្ងរ។ កុមារីរូបនេះ ត្រូវបានគ្រូពេទ្យណាត់ជួបជាទៀងទាត់ ដើម្បីតាមដានបញ្ហាបេះដូងពីកំណើត។ ប៉ុន្តែមួយឆ្នាំចុងក្រោយនេះ ឪពុកម្ដាយមិនបានយកកូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផាតាមការណាត់ជួបនោះឡើយ។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងទៀតថា បន្ទាប់ពីយកមកដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រុមគ្រូពេទ្យបានរកឃើញថា កុមារី ធីដាណា មានបេះដូងចំហរថតក្រោមទំហំប្រមាណ៥មិល្លីម៉ែត្រ មិនទាន់បិទជិតនៅឡើយ ហើយទាមទារការវះកាត់បេះដូងដើម្បីភ្ជិតប្រហោងនោះ។
បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះ និងវះកាត់ផ្នែកបេះដូង នៃមន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យវាយតម្លៃស្ថានភាពទូទៅរបស់កុមារីរួចហើយនោះ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ កុមារី ម៉ង់ ធីដាណា បានទទួលការវះកាត់។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ក្រុមវេជ្ជបណ្ឌិតឯកទេសអស់រយ:ពេលប្រមាណ៤ម៉ោង។ ការវះកាត់ទទួលបានលទ្ធផលល្អជាជំហានដំបូង ដោយក្រុមគ្រូពេទ្យឯកទេសបានភ្ជិតប្រហោងបេះដូងដោយជោគជ័យ។ ក្រោយវះកាត់កុមារីរូបនេះ កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះក្រោយវះកាត់ និងសង្ឃឹមថានឹងដឹងខ្លួននៅព្រឹកថ្ងៃទី៤ ខែកក្តដា។
មិនមានក្តីរីករាយណាធំជាងក្តីរីករាយនៃការសង្គ្រោះជីវិតកូននោះឡើយ ហើយក៏គ្មានគុណអ្វីដែលធំស្មើនឹងគុណនៃការសង្គ្រោះជីវិតនេះដែរ។ ក្រោយកូនស្រីត្រូវបានវះកាត់ភ្ជិតបេះដូងដោយជោគជ័យ ស្ត្រីជាម្តាយបានរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ សម្រាប់ការជួយសង្គ្រោះជីវិតកូនស្រីរបស់អ្នកស្រី ៕