ត្រីមេពូជធំៗ រួមទាំងប្រភេទត្រីជិតផុតពូជនៅដងទន្លេមេគង្គ ត្រូវបានគេនេសាទមកលក់នៅលើទីផ្សារខេត្តស្ទឹងត្រែង ក្នុងរដូវបិទនេសាទ
ខេត្តស្ទឹងត្រែង ៖ នៅដើមខែកក្កដានេះ មានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេមេគង្គឡើង ពពួកត្រីដែលរស់នៅតាមដងទន្លេមេគង្គលើជាប្រភេទកម្រនិងត្រីមេពូជធំៗពងពេញៗពោះ មានដូចជា ត្រីក្អែក, ត្រីតានេល, ត្រីប្រា, ត្រីពោ, ត្រីដំរី, ត្រីឆ្កោក, ត្រីកេះ, ត្រីប៉ាវ៉ា,ត្រីព្រួល, ត្រីខ្លា និងត្រីជាច្រើនប្រភេទទៀត…ត្រូវអ្នកនេសាទចាប់យកមកលក់ ហើយគេឃើញលក់ជាចំហនៅតាមបណ្ដាផ្សារនានាក្នុងខេត្តស្ទឹងត្រែង។
ពាក់ព័ន្ធករណីនេះមន្ត្រីជលផលបានឱ្យដឹងថា ក្រុមរបស់មន្ត្រីជលផលជារៀងរាល់ថ្ងៃបានចុះល្បាតនៅតាមដងទន្លេមេគង្គ បានប្រទះឃើញជនខិលខូចនៅតែលបលួចប្រើឧបករណ៍នេសាទខុសច្បាប់។ ពេលសមត្ថកិច្ចចុះបង្ក្រាបពួកអ្នកនេសាទល្មើសច្បាប់ទាំង នោះបើកទូករត់គេច បន្សល់ទុក្ខវត្ថុតាងល្មើសជាច្រើនត្រូវបានកម្លាំងជំនាញប្រមូលបានយកមកដុតបំផ្លាញចោលជាច្រើនលើកច្រើនសា។
លោក ស្រី សមវិចិត្រ នាយខណ្ឌជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានឱ្យដឹងថា នៅក្នុងខែមិថុនាកន្លងទៅនេះក្រុមអភិរក្សត្រីមេពូជបានចុះបង្ក្រាបបទល្មើសចំនួន ៧០លើក, បង្ក្រាបបានករណីល្មើសចំនួន២០ករណី, ដកហូតបានមងជិត ៣០០០ម៉ែត្រនិងឧបករណ៍ឆក់១គ្រឿង, ទូកឈើចំនួន១គ្រឿង, ម៉ាស៊ីនចំនួន១គ្រឿង ខ្សែកាបភ្ជាប់ខ្សែភ្លើង ប្រវែង២ម៉ែត្រចំនួន១ខ្សែ និងដាយ ប្រវែង៣០ម៉ែត្រ។ រីឯមនុស្សឃាត់ខ្លួនបាន១១នាក់យកមកធ្វើការអប់រំ។
លោកនាយខណ្ឌអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ថា បើស្រលាញ់ធនធានជីវៈចម្រុះដែលមាននៅតាមដងទន្លេមេគង្គ ប្រជាអ្នកនេសាទទាំងអស់ ត្រូវមានឆន្ទៈកុំប្រើឧបករណ៍នេសាទខុសច្បាប់ មិនថានៅរដូវបិទបើកនេសាទនោះទេ គឺច្បាប់ហាមឃាត់។
លោកនាយខណ្ឌពន្យល់ថា បញ្ហានេះ មន្ត្រីជលផលបានប្រើវិធីសាស្រ្តអប់រំគ្រប់រូបភាពហើយ ភាគីពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះកន្លងមកមន្ត្រីជលផលបានដកហូតនូវឧបករណ៍ឆក់និងបានការឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តតាមផ្លូវច្បាប់បញ្ជូនទៅតុលាការផងដែរ។
បើទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋមើលឃើញថា សកម្មភាពនេសាទល្មើសច្បាប់ហាក់ដូចជាមិនញញើតចំពោះសមត្ថកិច្ចនោះឡើយ ផ្ទុយទៅវិញពួកគេធ្វើសកម្មភាពជាចំហ ហាក់ដូចជាមានការឃុបឃិតគ្នាក្នុងចន្លោះប្រហោងណាមួយជាមួយសមត្ថកិច្ចជំនាញ៕