ឃើញម្ចាស់ចុះយកឥវ៉ាន់ទៅផ្ញើ បញ្ឆេះរថយន្តចោល មានអីលោកចោរឡើងបើកទៅបាត់

ខេត្តកំពង់ធំ ៖ ស្រាវជ្រាវតាមចាប់កាលពី ថ្ងៃទី០៤ កក្កដា ឆ្នំា២០២៣នេះ នៅចំណុចមុខក្រុមហ៊ុនវីរៈប៊ុនថាំ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នំា២០២៣នេះ នៅមុនពេលកើតហេតុ ម្ចាស់រថយន្តឈ្មោះ ហ៊ុន ប៊ុនហាំ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសំរិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ បានបើករថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២P ២៣១១ យកអីវ៉ាន់មកផ្ញើនឹងក្រុមហ៊ុនវីរៈប៊ុនថាំ ។ ជនរងគ្រោះជាម្ចាស់រថយន្តយកឥវ៉ាន់កាន់ដើរចូលយកទៅផ្ញើបានឈប់រថយន្តនៅលើចិញ្ចឹមផ្លូវ ដោយពុំបានពន្លត់រថយន្តនោះទេ ឃើញឱកាសល្អជនសង្ស័យក៏បានឡើងបើកចេញបាត់ទៅ ពេលម្ចាស់យកផ្ញើអីវ៉ាន់ទៅដាក់ផ្ញើត្រឡប់មកវិញ ស្រាប់តែបាត់រថយន្តតែម្ដង ។
កម្លាំងជំនាញបានចុះស្រាវជាវរហូតចាប់ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ គួង សាង អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេធ្លាប់ធ្វើជាអ្នកបើកបររថយន្តដឹកសិស្សសាលានៅឯទីក្រុងភ្នំពេញរយៈពេល៣-៤ឆ្នាំមកហើយ ។
មួយរយៈពេលនេះ រូបគេបានឈប់ធ្វើជាអ្នកបើរថយន្តដឹងសិស្សទៀតហើយ អត់ការងារធ្វើ ហើយក៏ចេះតែមានរឿងរកាំរកូសនៅក្នុងគ្រួសារទៀត គេក៏មកលេងស្រុកកំណើត ហើយក៏ដើររកមើលក្នុងគោលបំណងចង់លួចម៉ូតូនោះទេ ដើម្បីជិះទៅភ្នំពេញវិញ ។ ខណៈរូបគេកំពុងតែដើររកលួចម៉ូតូនោះ ក៏ប្រទះឃើញរថយន្តនេះ កំពុងតែបញ្ឆេះចោល គេក៏ឡើងបើករថយន្តចេញទៅតែម្តង ។
ចៃដន្យ រថយន្តជិតអស់សាំង រូបគេក៏បើករថយន្តដែលលួចបាននោះទៅរកខ្ចីលុយឪពុកមាចំនួន២០ម៉ឺនរៀលដើម្បីចាក់សាំងជិះទៅភ្នំពេញ តែឪពុកមាប្រាប់ថា គាត់អត់មានលុយទេ គេក៏បើករថយន្តមកផ្ទះម្តាយមីងនៅភូមិបឹងខ្វែក ឃុំឈូក ស្រុកប្រាសាទសំបូរដដែលមករកខ្ចីលុយមីង ហើយក៏បានជួបម្តាយមីងកំពុងរៀបចំហូបបាយ ។ ពួកគាត់ក៏ហៅគេឲ្យចូលហូបបាយជាមួយគ្នាសិនទៅ នៅពេលកំពុងហូបបានក៏ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកធ្វើការឃាត់ខ្លួន បានយកមកកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់កាបន្តរតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង