នៅថ្ងៃចន្ទ ទី២១នេះ ! ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារកោះប្រជុំ ដោយត្រាស់បង្គាប់ ជូនបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ មួយអង្គ-រូបៗ ទាំង ១២៥រូប-អង្គ
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារកោះប្រជុំ ដោយត្រាស់បង្គាប់ ជូនបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ មួយអង្គ-រូបៗ ទាំង ១២៥រូប-អង្គ មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីអញ្ជើញ និងយាងចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨ និង ៣០នាទីព្រឹក នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។
ព្រះរាជសារ ក៏បានបញ្ជាក់អំពីសម្លៀកបំពាក់របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ត្រ នីតិកាលទី៧ សម្រាប់បុរស ត្រូវស្លៀកពាក់ អាវកុតពណ៌ស-សំពត់ចងក្បិនពណ៌តាមថ្ងៃ-ស្រោមជើង ស្បែកជើងពណ៌ខ្មៅ។ ចំណែកស្ត្រី ត្រូវស្លៀកពាក់ អាវប៉ាក់ពណ៌ស-សំពត់ចងក្បិនពណ៌តាមថ្ងៃ-ក្រមាពានាពណ៌ស៊ីនួនខ្ចី។
តាមគម្រោង សម័យប្រជុំរដ្ឋសភា លើកដំបូង នាព្រឹកថ្ងៃទី២១សីហាខាងមុខនេះ នឹងប្រារព្ធឡើង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប ១២៥អាសនៈ។ ចំណែក ៥អាសនៈទៀត បានទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។
សម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នាព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នឹងប្រារព្ធឡើង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
តាមកម្មវិធី ដែលបានគ្រោងទុក បន្ទាប់ពីរដ្ឋសភា បើកសម័យប្រជុំលើកដំបូងរួច នៅរសៀលថ្ងៃទីចន្ទ ទី២១សីហា អ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥រូប-អង្គ នឹងចូលធ្វើសច្ចាប្រណិធាន ឬពិធីស្បថ នៅក្នុងព្រះបរមរាជវាំង។
ចំណែកនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាថ្មី នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពព្រឹទ្ធបុរស ដែលជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតថ្មី នោះគឺសម្តេច ហេង សំរិន ដែលជាអ្នកតំណាងរាស្ត្រជាប់ឆ្នោត នៅមណ្ឌលខេត្តត្បូងឃ្មុំ មានអាយុច្រើនជាងគេ គឺ៨៩ឆ្នាំ។ កិច្ចប្រជុំ នាព្រឹកថ្ងៃទី២២សីហា រដ្ឋសភា នឹងបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីន ថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕