សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាបង្កើនភាពទាក់ទាញវិនិយោគិនថ្មីនៅកម្ពុជា និងបង្កើតក្រុមការងារដោះស្រាយបញ្ហារបស់វិស័យឯកជនឱ្យមានប្រសិទ្ធភាព
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនូវការប្តេជ្ញា ដើម្បីបង្កើនភាពទាក់ទាញវិនិយោគិនថ្មីនៅកម្ពុជា និងបង្កើតក្រុមការងារដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជនឱ្យមានប្រសិទ្ធភាព។
សម្តេចលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ។
សម្តេចធិបតីបានថ្លែងថា ដើម្បីទាក់ទាញវិនិយោគថ្មីបន្ថែមទៀត រាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណា ឱ្យអ្នកវិនិយោគិនដែលមានស្រាប់ទាំងអស់នៅកម្ពុជាមានការរីកចម្រើន នោះទើបអាចទាក់ទាញអ្នកដែលមកថ្មីមកបន្ថែមទៀតបាន។ ដើម្បីសម្រេចបាននូវកិច្ចការងារនេះ គឺត្រូវបង្កើនកត្តាវិជ្ជមាន និងកាត់បន្ថយអវិជ្ជមាន។
សម្តេចមានប្រសាសន៍ថា ក្នុងការបង្កើនកត្តាវិជ្ជមាន គឺធ្វើឡើងតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត អនុគ្រោះ និងដាក់ចេញនូវកញ្ចប់ថវិកាសម្រាប់ជួយដល់វិស័យសំខាន់ៗ ដែលកន្លងមករាជរដ្ឋាភិបាលបានធ្វើរួចមកហើយ តាមរយៈការដាក់ចេញនូវគោលនយោបាយអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងអាណត្តិនេះ។
សម្តេចមានប្រសាសន៍បន្ថែមថា «យើងបានកំណែទម្រង់ទៅលើកិច្ចការផ្សេងៗ កាត់បន្ថយនិតិវិធីស្មុគ្រស្មាញ កាត់បន្ថយការិយាល័យធិបតេយ្យ កាត់បន្ថយនិងបង្កើការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់សម្រួលដល់ការងារនិងវិស័យឯកជន»។
ទន្ទឹមគ្នានេះ ចំពោះការកាត់បន្ថយកត្តាអវិជ្ជមាន គឺការដោះស្រាយបញ្ហាប្រឈម របស់វិស័យឯកជនឱ្យទាន់ពេលវេលា តាមរយៈវេទិកាជួបវិស័យឯកជន និងតាមរយៈក្រុមការងារគ្រប់វិស័យដែលបានប្រទាក់ក្រឡាគ្នាជាប់ជាប្រចាំ ពោលគឺត្រូវដោះស្រាយជាប់ជាប្រចាំ និងតាមដានត្រួតពិនិត្យនៅក្នុងការដោះស្រាយបញ្ហា។ ហេតុនេះហើយទើបសម្តេចបានបង្កើនក្រុមការងារដោះស្រាយមួយ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការដោះស្រាយជូនប្រជាពលរដ្ឋ ,ជូនវិស័យឯកជន និងជូនក្រុមហ៊ុននីមួយៗ។ ហើយជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាព និងកិច្ចការសំខាន់ៗជាច្រើន ដើម្បីឱ្យកំណត់នូវគោលការណ៍អនុវត្តនេះបានជោគជ័យ។
សម្តេចធិបតីបានគូសបញ្ជាក់ថា «យន្តការដោះស្រាយទាំងនេះ គឺធ្នាក់មួយក្នុងទាក់ទាញវិនិយោគិនថ្មីឱ្យមកវិនិយោគនៅកម្ពុជា»៕