លោកឧកញ៉ា ស្រី ចាន់ថន បានយកកីឡាប្រដាល់គុនខ្មែរ មកបញ្ជ្រាបចូលតាមសាលារៀន ដើម្បីឱ្យ ប្អូនៗសិស្សានុសិស្ស បានដឹងយល់អំពីក្បាច់គុនដូនតាខ្មែរ

ភ្នំពេញ ៖ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លិបគុនខ្មែរអន្តរជាតិ បានយកកីឡាប្រដាល់គុនខ្មែរមកបញ្ជ្រាបចូលតាមសាលារៀនដើម្បីឱ្យ ប្អូនៗសិស្សានុសិស្សបានដឹងយល់អំពីក្បាច់គុនដូនតាខ្មែរយើងដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយនោះ ។ ជាជំហានដំបូងលោកឧកញ៉ាយកកីឡាគុនខ្មែរមកបង្ហាត់បង្រៀនសិស្សានុសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាដើមខែកក្កដា ឆ្នាំ២០២៤។ នៅលើគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរថា «ដោយថ្ងៃនេះ ខ្ញុំបាទបានមកជួបជជែកពិភាក្សាជាមួយលោកនាយកសាលាធំ ស៊ី សុវត្ថិ ដោយផ្ទាល់ ។ ក្រោយការពិភាក្សាត្រូវបានបញ្ចប់ យើងទទួលបានលទ្ធផលជាទីគាប់ចិត្តគឺបានព្រមព្រៀងគ្នារួចហើយថាបង្កើត«កម្មវិធីហ្វឹកហាត់គុនខ្មែរ»។ ជាជំហានដំបូងនៅលាលារៀន ស៊ីសុវត្ថិ នៅដើមខែកក្កដាឆ្នាំ២០២៤នេះ ។
សង្ឃឹមថា ពុកម៉ែបងប្អូននឹងអនុញ្ញាតឱ្យកូនៗហ្វឹកហាត់គុនខ្មែរថែអត្តសញ្ញាណជាតិយើងទាំងអស់គ្នា»។តាមការកត់សម្គាល់មកទល់ពេលនេះ មុខវិជ្ជាកីឡានៅតាមគ្រឹះស្ថានអប់រំឯកជនភាគច្រើនមានសកម្មភាពរស់រវើកស្ទើរគ្រប់កម្រិតសិក្សា ដោយមុខវិជ្ជាមួយនេះបានដើរតួនាទីអប់រំសិស្សឱ្យចេះស្រឡាញ់សុខភាព តាមរយៈការលេងកីឡាគ្រប់ប្រភេទដូចជាលំហាត់ប្រាណជាដើមដែលមិនខុសពីការបណ្ដុះគំនិតពួកគេឱ្យរួមគ្នាលើកស្ទួយវិស័យកីឡានៅកម្ពុជានោះទេ ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកន្លងមកធ្លាប់មានប្រសាសន៍ថា វិស័យកីឡានៅតាមសាលារដ្ឋ គឺជាការទទួលខុសត្រូវរបស់គ្រឹះស្ថានទាំងនោះ ប៉ុន្តែបច្ចុប្បន្នលោកកត់សម្គាល់ថា សាលាមួយចំនួន ក៏បានបំផុសវិស័យកីឡាឱ្យមានការរីកចម្រើនផងដែរ ដូចជាបានបង្កើតក្រុមបាល់ទាត់ ក្រុមបាល់ទះ និងបានទាំងផ្ដល់ទីតាំងឱ្យកីឡាមួយចំនួនដូចជាល្បុក្កតោ យុទ្ធគុនខម និងតេក្វាន់ដូជាដើមដើម្បីឱ្យសិស្សបានហាត់រៀនគ្រាន់បណ្ដុះគំនិតស្នេហាវិស័យកីឡា និងដើម្បីឱ្យពួកគេចេះស្រឡាញ់សុខភាពផងដែរ។ ឯកឧត្តមថាក្បាច់គុនល្បុក្កតោ ត្រូវបានដាក់ក្នុងម៉ោងនៃកម្មវិធីសិក្សារបស់សិស្ស ឯក្បាច់គុនដទៃទៀតដាក់នៅក្រៅម៉ោងសិក្សា ។
ទោះបីយ៉ាងណាលោកមិនជំទាស់នឹងការដាក់ក្បាច់គុនខ្មែរចូលក្នុងកម្មវិធីសិក្សារបស់សិស្សនោះទេ ព្រោះវិស័យកីឡានៅតាមសាលារដ្ឋ គឺជាការទទួលខុសត្រូវរបស់គ្រឹះស្ថានទាំងនោះ។ នៅក្នុងសេចក្តីណែនាំស្តីពី«ការអនុវត្តម៉ោងសិក្សាមុខវិជ្ជាអប់រំកាយ និងកីឡា ក្នុងម៉ោង និងក្រៅម៉ោងនៅគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា»ដែលមានការចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺបានកំណត់ចំណុចសំខាន់ចំនួន៤ដើម្បីឲ្យគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា ត្រូវអនុវត្ត ។
ទី១-គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវកម្មវិធីសិក្សាមុខវិជ្ជាអប់រំកាយ និងកីឡា២ម៉ោងក្នុង១សប្តាហ៍ស្របតាមកម្មវិធីកំណត់ថ្នាក់ជាតិ ។ ទី២-គ្រឹះស្ថានបឋមសិក្សានិងមធ្យមសិក្សាត្រូវបំផុសនិងរៀបចំបង្កើតសមាគមកីឡាឲ្យបានគ្រប់សាលាដើម្បីហាត់កីឡាក្រៅម៉ោងសិក្សាបន្ថែម ។ ទី៣-មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តត្រូវពង្រឹងសមាគមកីឡាសិស្សនិងធ្វើឲ្យដំណើរការសកម្មភាពហាត់កីឡាក្រៅម៉ោងសិក្សាគ្រប់ស្រុក ក្រុង ខណ្ឌ ឲ្យមានប្រសិទ្ធភាព និងទី៤-គណៈគ្រប់គ្រងសាលា និងក្រុមបច្ចេកទេសត្រូវពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំលើគ្រប់សកម្មភាពរៀននិងបង្រៀនរបស់គ្រូទទួលបន្ទុកថ្នាក់ និងគ្រូអប់រំកាយនៅក្នុងសាលារបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង