Banner Detail Top

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋសង់ពីថ្មក្រោយឈើលើ យ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យបុរសវ័យ៥៦ឆ្នាំម្នាក់ ស្លាប់

ភ្នំពេញ ៖ នៅ ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងក្រោយសាលាវិទ្យាល័យ ជាសុីម សាមគ្គី សិ្ថតនៅតាមបណ្តោយផ្លូវលេខ៦៥៦ ភូមិ១២ ក្នុងសង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋសង់ពីថ្មក្រោយឈើលើយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យបុរសវ័យ៥៦ឆ្នាំម្នាក់ស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យផ្តាច់សង្ខារ មានឈ្មោះ សំ សាវិន ភេទ ប្រុស អាយុ៥៦ឆ្នាំ នឹងធ្លាប់មានជម្ងឺប្រចាំកាយ ផងដែរ។
ប្រជាពលរដ្ឋបានឲ្យដឹងថាគេឃើញមាន ផ្សែងហុយហ៊ុយឃ្មួលឃ្មាញ់ ចេញពីជាន់ខាងលើរួមជាមួយនឹង អណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបបង្កអោយមានការឆោរឡោរ ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកជួយអន្តរាគមន័ភ្លាមៗផងដែរ ។
ជនរងគ្រោះ ព្រមទាំងកូនចៅ បានអង្គុយលេងនៅខាងក្រោមផ្ទះ ក្រោយមកជនរងគ្រោះក៍បានឡើងទៅលើផ្ទះតែម្នាក់ឯង ស្រាប់តែផ្សែងខ្មៅលាយជាអណ្ដាតភ្លើងបានឆាបឆេះ បណ្តាលអោយជាប់ជនរងគ្រោះឆេះស្លាប់។ បន្ទាប់ពីទទួលបានដំណឹងថាមាន ករណីអគ្គិភ័យ ភ្លាមៗ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជារថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ ដើម្បីបង្ការកុំអោយមានការរាលដាលដល់ផ្ទះអ្នកជិតខាង ។
សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១៨គ្រឿងបានទើបគ្រប់គ្រងអោយរលត់ទៅវិញទាំងស្រុង ។ មូលហេតុបណ្តាលអោយមានការឆាបឆេះ កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យកំពុងបើកការស្រាវជ្រាវបន្ត ដើម្បីរកមូលហេតុទាក់ទិននឹងអគ្គិភ័យនេះ ៕

អត្ថបទដែលជាប់ទាក់ទង