Banner Detail Top

រថយន្តយីឌុប ធុនយក្ស ដឹកទំនិញលើសទម្ងន់ សំពីងសំពោង ខ្ពស់កប់ពពក សង្ស័យជាទំនិញគេចពន្ធ ហើយបើកធ្វើចរាចរណ៍នៅលើដងផ្លូវតាមជនបទ បង្កឲ្យបាក់ស្រុតបែកល្បាប់ភក់ ពិបាកធ្វើដំណើរយ៉ាងខ្លាំង

ខេត្តស្វាយរៀង ៖ នៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកដែលធ្វើដំណើរតាមដងផ្លូវ មានការព្រួយបារម្ភពីសុវត្ថភាពគ្រោះថ្នាក់ រអិលដួល នេះបើតាមប្រជាពលរដ្ឋ នៅឃុំចន្ទ្រា ស្រុកចន្ទ្រា ។
រថយន្តយីឌុប ធុនយក្ស ដឹកទំនិញលើសទម្ងន់ សំពីងសំពោង ខ្ពស់កប់ពពក សង្ស័យជាទំនិញគេចពន្ធ ហើយបើកបរធ្វើចរាចរណ៍នៅលើដងផ្លូវតាមជនបទ បង្កឲ្យបាក់ស្រុតបែកល្បាប់ភក់ ពិបាកធ្វើដំណើរយ៉ាងខ្លាំង ជាពិសេសសិស្សានុសិស្សធ្វើដំណើរតាមកង់ម៉ូតូទៅសាលារៀន បណ្តាលឲ្យរអិលដួលប្រឡាក់សំលៀកបំពាក់ និងសម្ភារសិក្សាអស់ ហើយពេលមានអ្នកជំងឺ ឬស្ត្រីមានផ្ទៃពោះ ត្រូវទៅមណ្ឌលសុខភាព សម្រាល គឺពិបាកធ្វើដំណើរខ្លាំងណាស់ នៅពេលយប់ ។
រថយន្តដឹកទំនិញធុនយក្សជាច្រើនគ្រឿងនោះ បានដឹកទំនិញលើសទម្ងន់ តទ្រុងខ្ពស់ ធ្វើចរាចរណ៏លើដងផ្លូវ បណ្តាលឲ្យបាក់ស្រុតផ្លូវ ក្លាយជារណ្តៅសំបុកមាន់ បែកល្បាប់ភក់ បង្កឲ្យរអិល ពិបាកធ្វើដំណើរយ៉ាងខ្លាំង នៅរដូវវស្សានេះ ។ ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវនេះ គឺជាផ្លូវក្រាលកៅស៊ូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន កសាងពីផ្សារជីភូ មកសាលាស្រុកចន្ទ្រា និងបន្តពីសាលាស្រុកចន្ទ្រា កាត់តាមឃុំសំរោង ឃុំទួលស្តី និងឃុំចន្ទ្រា ដោយសារតែមានក្រុមឈ្មួញប្រើប្រាស់រថយន្តធុនយក្ស ដឹកទំនិញធ្ងន់ៗ បណ្តាលឲ្យស្រុតផ្លូវ ក្រាលកៅស៊ូទាំងស្រុង គឺរបើកកៅស៊ូអស់ ក្លាយទៅជាផ្លូវដី កាលពីខែប្រាំងដីហុយ ពេលរដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ក្លាយជាល្បាប់ដីឥដ្ឋ បង្កឲ្យរអិល ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ផ្លូវខូចចាប់ពីភូមិទួលស្តីឃុំទួលស្តី ភូមិសែន រហូតដល់ភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ។
រថយន្តធុនយក្ស ដឹកទំនិញទាំងយប់ ទាំងថ្ងៃ យកទៅសាងនៅច្រករបៀង ជិតប៉ុស្តិ៍ការពារព្រំដែន ទួលស្តី និងច្រករបៀងនៃប៉ុស្តិ៍នគបាលវរៈការពារព្រំដែនគោកតែក សង្ស័យជាទំនិញគេចពន្ធ ត្រៀមឆ្លងដែនទៅប្រទេសវៀតណាម មិនដឹងថា ជាទំនិញអ្វីខ្លះទេ។
មហាជនបានលើកឡើងថា រថយន្តធុនយក្សទាំងនេះ ដឹកទំនិញមករាល់ថ្ងៃ សង្ស័យថាជាទំនិញគេចពន្ធ មិនដែលឃើញសមត្ថកិច្ចណា ពិនិត្យ និងបង្ក្រាបឡើយ ឬក៏ជាឆ្នាំងបាយ ?
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកវរសេនីយ៍ យ៉ន សុផល ប្រធានវរៈការពារព្រំដែនលេខ៦០៩ បានទេ ដោយសារអ្នកសារព័ត៌មានយើងទូរស័ព្ទជាច្រើនលើក ក៏ប៉ុន្តែមិនអាចទំនាក់ទំនងបាន ។ ចំណែកឯ លោកប្រធានទីស្នាក់ការគយ និងរដ្ឋាករ សាខាខេត្តស្វាយរៀង ក៏មិនអាចទំនាក់ទំនងបានដែរ ។ មហាជនអំពាវនាវដល់លោកអភិបាលខេត្តស្វាយរៀង មេត្តាពិនិត្យដោះស្រាយបញ្ហារថយន្តធុនយក្ស ដឹកទំនិញបំផ្លាញផ្លូវ ក្រាលកៅស៊ូ ១ខ្សែជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ជូនប្រជាពលរដ្ឋស្រុកចន្ទ្រា ឲ្យបានធ្វើដំណើរស្រួលផង ៕

អត្ថបទដែលជាប់ទាក់ទង