Banner Detail Top

ក្រុមជម្រើសជាតិ U16 គោព្រៃជំទង់កម្ពុជា បង្កើតកំណត់ត្រាថ្មីមួយ តែអស់ឱកាសឡើងបង្គ្រប់កៅអីវគ្គ ១/២ ក្នុងនាមក្រុមលេខ២ ល្អជាងគេ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិ U16 កម្ពុជា បានបង្កើតកំណត់ត្រាថ្មីមួយប្រចាំក្រុម ល្អជាង ២រដូវកាលមុន ដោយរកបាន ៧ពិន្ទុ ពីការលេង ៣ប្រកួតនេះវគ្គចែកពូល ក្នុងបេសកម្មប្រកួតប្រជែងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ASEAN U16 Boy’s Championship 2024 ដ្បិតបានត្រឹមខកចិត្តក្នុងការប្រជែងកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) ក្រោយក្រុម U16 ថៃ យកឈ្នះម៉ាឡេស៊ី ៣-១ ក្នុងជំនួបបញ្ចប់វគ្គសន្សំពិន្ទុពូលC ក្នុងមានជាក្រុមលេខ២ ល្អជាងគេ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ។
តាមរយៈការវាយបកនេះនាំឲ្យយុវជនថៃ ទៅលើក្រុមម៉ាឡេស៊ី ៣-១ ធ្វើឱ្យពួកគេទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនាមក្រុមលេខ២ ល្អជាងគេ បន្ទាប់ពីរកបានគ្រាប់បាល់ចំណេញ ៨គ្រាប់ មានប្រៀបជាងក្រុមយុវជនកម្ពុជា ១គ្រាប់ ដែលរកបាន ៧ពិន្ទុស្មើគ្នា ។
រំលឹកផងថា នេះកំណត់ត្រាថ្មីរបស់ក្រុមយុវជនកម្ពុជា U16 ក្នុងការប្រកួតប្រជែងពានរង្វាន់ ASEAN U16 (2024) ដ្បិតកាលពីឆ្នាំ២០២២ ក្រុមកម្ពុជា បានបញ្ចប់ត្រឹមលេខ៣ ក្នុងពូល C រកបានតែ ៣ពិន្ទុ និងនៅឆ្នាំ២០១៩ ឆ្លងកាត់ ៥ប្រកួតរកបានតែ ១ពិន្ទុប៉ុណ្ណោះ ។
ស្ថិតក្នុងការប្រកួតពូល B ក្រោយឆ្លងកាត់ ៣ប្រកួត ក្រុមជម្រើសជាតិ U16 កម្ពុជា បានឈ្នះ ២ និងស្មើ ១ ពោលគឺក្រុម U16 មីយ៉ាន់ម៉ា ២-១, ស្មើ U16 វៀតណាម ១-១ និងឈ្នះក្រុម U16 ប្រ៊ុយណេ ៦-០ ។ តាមលទ្ធផលនេះ កម្ពុជា បានឈរចំណាត់ថ្នាក់លេខ២ ក្នុងពូល B ដោយមានគ្រាប់បាល់ចំណេញ ៧គ្រាប់ ។ បើធៀបនឹងក្រុម U16 ថៃ ដែលរកបាន ៧ពិន្ទុស្មើគ្នា តែចាញ់ប្រៀបគ្រាប់បាល់ចំណេញ នាំឲ្យក្រុមយុវជនកម្ពុជា បានត្រឹមឈរលេខ២ ក្នុងតារាងក្រុមលេខ២ ល្អជាងគេ ដែលមិនអាចឡើងទៅវគ្គបន្ដបានឡើយ ។
តាមរយៈលទ្ធផលនេះ នៅការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN U16 Boy’s Championship 2024 គឺក្រុមវៀតណាម (លេខ១ ពូលB) ត្រូវប៉ះក្រុមអូស្ត្រាលី (លេខ១ ពូល C) ហើយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី (លេខ១ ពូល A) ប៉ះក្រុមថៃ (លេខ២ ពូលC) ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៣ ខែកក្កដាខាងមុខ ។ ក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី គឺជាក្រុមការពារតំណែងជើងឯកឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង