Banner Detail Top

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន «សមាគមសិល្បករខ្មែរ» អញ្ជើញចូលរួមបុណ្យឈាបនកិច្ចសពលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

(កំពត)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារនៃសមាគមសិល្បករខ្មែរ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឈាបនកិច្ចសពលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននាភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងបរិយកាសដ៏ក្រៀមក្រំនេះ លោកជំទាវអ្នកឧកញ៉ាប្រធាន សមាគមសិល្បករខ្មែរបានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយលោកយាយ តាត់ ឆេន ព្រមទាំងក្រុមគ្រួសារនៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ព្រោះមរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នា។
ម្យ៉ាងទៀត មរណភាពលោកព្រឹទ្ធាចារ្យកោសល្យវោហារ ក៏ជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលបានលះបង់ពេញមួយជីវិតក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិរហូតល្បីសុះសាយពាសពេញសកលលោក។
សារជាថ្មីម្ដងទៀត លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយលោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ក៏បាននាំយកបច្ច័យផ្ទាល់ខ្លួន និងពីសមាគមសិល្បករខ្មែរសរុបចំនួន ៤ ០០០ ០០០ រៀល ដើម្បីចូលចាប់មគ្គផលជាមួយនឹងក្រុមគ្រួសារលោកយាយ តាត់ ឆេន និងកូនចៅ។ លោកជំទាវអ្នកឧកញ៉ាក៏សូមថ្លែងអំណរគុណដល់សប្បុរសជនជិតឆ្ងាយ ដែលបាន និងកំពុងចូលរួមជាបច្ច័យតាមរយៈសមាគមក្ដី និងតាមរយៈលោកជំទាវក្ដីក្នុងការចូលរួមគាំពារដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ សមាគមសិល្បករខ្មែរ និងលោកជំទាវផ្ទាល់ នៅតែបន្តទទួលថវិកាពីសប្បុរសជន ទោះតិច ឬច្រើនក្ដី ដើម្បីបូកសរុបជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យរហូតដល់ថ្ងៃបុណ្យគម្រប់៧ថ្ងៃខាងមុខ។
បន្ទាប់មក លោកជំទាវអ្នកឧកញ៉ាប្រធានបានចូលរួមនមសិកាចម្រើនព្រះបរិត្ត និងស្ដាប់ព្រះធម៌ទេសនា ជាមួយលោកតា លោកយាយ ពុទ្ធបរិស័ទ ដែលបានចូលរួមក្នុងពិធីបុណ្យឈាបនកិច្ចសពលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង