Banner Detail Top

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាកម្មសិទ្ធិបញ្ញាមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា «គ.ក.ប.» នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីពិធីសម្ពោធគម្រោងស្តីពី «ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព»។

លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន ស្ថានទូត និងដៃគូរអភិវឌ្ឍន៍ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប អញ្ជើញចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ចម និម្មល បានសម្តែងនូវការគាំទ្រចំពោះការអនុវត្ត «គម្រោងស្តីពីការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព» និងបានថ្លែងអំណរគុណដល់អង្គការ FAO ដែលបានផ្តល់ជំនួយបច្ចេកទេសសម្រាប់គម្រោងនេះ ដែលនឹងផ្តល់ឱកាសឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ពង្រឹងនូវកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សមត្ថភាព និងដោះស្រាយបញ្ហាប្រឈមរួម ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា។

លោកជំទាវ រំពឹងថា គម្រោងនេះនឹងផ្តល់នូវការសិក្សាច្បាស់លាស់ ដើម្បីផ្តល់ជាមូលដ្ឋានជាក់លាក់ក្នុងការរៀបចំយុទ្ធសាស្ត្រលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ព្រមទាំងចូលរួមពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចាប់អនុវត្តតាំងពីឆ្នាំ២០០៧ ហើយកម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចំនួន ៧ម៉ាក រួមមាន ទី១ ម្រេចខេត្តកំពត ទី២ ស្ករត្នោតខេត្តកំពង់ស្ពឺ ទី៣ ក្រូចថ្លុងកោះទ្រង់ខេត្តក្រចេះ ទី៤ ទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី ទី៥ អំបិលខេត្តកំពត និងកែប ទី៦ ទឹកត្រីខេត្តកំពត និងកែប និងទី៧ បង្កងខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង