Banner Detail Top

កម្ពុជាបង្ហាញសក្តានុពល វិស័យបណ្តុះបណ្តាលជំនាញជូនដល់វិទ្យាស្ថាន ERIA

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) និងគណៈប្រតិភូនៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ប្រធានវិទ្យាស្ថាន ERIA អំពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវផែនការថ្នាក់ជាតិក្នុងការបំពាក់បំប៉នជំនាញដល់យុវជន និងប្រជាពលរដ្ឋឱ្យមានជំនាញច្បាស់លាស់ ដើម្បីបម្រើទៅតាមតម្រូវការទីផ្សារដែលជាគន្លឹះក្នុងការបន្តទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកដល់សមភាគីពីចក្ខុវិស័យនៃផែនការ៥ឆ្នាំ របស់ក្រសួង ជាពិសេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាផែនការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ជំនាញដល់ប្រជាពលរដ្ឋខ្មែរ និងក្រុមយុវជន។

ទន្ទឹមនឹងនេះ លោកប្រធានវិទ្យាស្ថាន ERIA បានទទួលស្គាល់ពីតួនាទីយ៉ាងសំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការបណ្តុះបណ្តាលជំនាញដល់យុវជន និងប្រជាពលរដ្ឋដែលជាកម្លាំងដ៏សំខាន់ក្នុងទីផ្សារការងារ។

បន្ថែមពីនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគន្លឹះមួយដ៏សំខាន់ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយនេះ ឯកឧត្តម ក៏បានស្នើឱ្យវិទ្យាស្ថាន ERIA និងអាស៊ីបូព៌ាជួយជំរុញនិងផ្សព្វផ្សាយឱ្យអ្នកវិនិយោគក្នុងតំបន់និងអន្តរជាតិ ងាកមកចាប់អារម្មណ៍នៅកម្ពុជាដែលកំពុងមានសក្តានុពលលើកម្លាំងពលកម្ម និងភាពអនុគ្រោះជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង