Banner Detail Top

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រមាណ៦០០នាក់ នៅសាលប្រជុំក្នុងមន្ទីរគណបក្សខេត្ត, នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម វុី សំណាង បានធ្វើការស្វាគមន៍ និងថ្លែងរាយការណ៍អំពីសមិទ្ធផលនានាដែលខេត្តកំពង់ស្ពឺទទួលបានជូនអង្គពិធីទាំងមូល ។ នាឱកាសនោះ តាមរយះការអានសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដោយឯកឧត្តម សោម សឿន រួចមក ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ជំនួសឯកឧត្តម វុី សំណាង ដែលត្រូវផ្ទេរទៅជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ។

បន្ទាប់ពីនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ស្ពឺ (តែងតាំងថ្មី) ក៏បានឡើងថ្លែងនូវចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តផងដែរ ។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម វ៉ី សំណាង ដែលតែងតែរួមសហការគ្នាបានយ៉ាងល្អជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តគ្រប់ថ្នាក់ សម្រេចបាននូវសមិទ្ធផល និងស្នាដៃជាច្រើនសម្រាប់ខេត្តកំពង់ស្ពឺ ជាពិសេសបានជួយឱ្យគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះលើការបោះឆ្នោតជាបន្តបន្ទាប់ទាំងការបោះឆ្នោតសកល និងបោះឆ្នោតអសកលនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងការស្វាគមន៍ និងអបអរសាទរ ចំពោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ដែលត្រូវបានទទួលស្គាល់ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺថ្មីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង