សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនី (APF) បន្តជំរុញ និងចែករំលែកនូវព័ត៌មាន អំពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិននិយាយភាសាបារាំង
ក្នុងឱកាសនៃជំនួប លោក Geoffroy Roux De Bézieux បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពរំឭកអំពីជំនួបរបស់លោកជាមួយ សម្ដេចធិបតីនៅសាធារណរដ្ឋបារាំង ហើយលោកក៏បានបញ្ជាក់ផងដែរថាទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ គឺគោរពទៅតាមការសន្យារបស់លោក ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ លោកប្រធាន APF ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរអំពីភាពជាដៃគូដ៏ល្អប្រសើរ ក៏ដូចជាការភ្ជាប់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ហើយតាមរយៈដំណើរទស្សនកិច្ចនេះ លោកប្រធាននឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជាទៅដល់វិនិយោគិននិយាយភាសាបារាំង ឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ ព្រមជាមួយគ្នានេះ លោកប្រធាន APF ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង ហើយក៏បានជម្រាបជូនសម្ដេចធិបតីថា ប្រទេសបារាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពកម្ពុជា និងសង្ឃឹមថាកម្ពុជានឹងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ខាងមុខនេះ។ ការរៀបចំកិច្ចប្រជុំកំពូលនេះនឹងជាឱកាសក្នុងការទាក់ទាញបណ្ដាក្រុមហ៊ុនវិនិយោគ ពីបណ្ដាប្រទេសហ្វ្រង់កូហ្វូនីជុំវិញពិភពលោក មកវិនិយោគនៅក្នុងកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Geoffroy Roux De Bézieux និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងបារាំង ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន រវាងប្រទេសទាំងពីរផងដែរ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំងឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយសម្តេចធិបតី ក៏បានរំឭកផងដែរអំពីជំនួបរបស់សម្ដេច ជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងអំឡុងពេលដែល សម្តេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង កាលពីខែមករាឆ្នាំ២០២៤ ដោយគ្រានោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីគំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងភាសាបារាំង ថ្នាក់តំបន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានសម្ដែងនូវក្តីរីករាយ ចំពោះក្រុមហ៊ុនបារាំង ដែលបានមកបោះទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងក្លារបស់វិនិយោគិនបារាំងហើយសម្ដេចធិបតី សង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ដែលបានគាំទ្របេក្ខភាពកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។
ក្នុងជំនួបនេះផងដែរ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនលោកប្រធាន APF និងគណ:ប្រតិភូ អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរលោកប្រធាន APF និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព៕