Euro 2024៖ Yamal ឈ្នះពានកីឡាករវ័យក្មេងលេងល្អ Golden Boy ប្រចាំឆ្នាំ២០២៤
(ប៊ែកឡាំង)៖ ខ្សែបម្រើ Lamine Yamal ដែលកំពុងជាប់កាតព្វកិច្ចនៅប្រទេសអាល្លឺម៉ង់ ក្នុងព្រឹត្តិការណ៍ Euro 2024 នៅឡើយនោះ ត្រូវបានប្រកាសថា ជាម្ចាស់ពាន Golden Boy ប្រចាំឆ្នាំនេះជាផ្លូវការហើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Yahoo នៅថ្ងៃនេះ។
កីឡាករដែលទើបឈានចូលវ័យ ១៧ឆ្នាំនាថ្ងៃសៅរ៍ ទី១៣ ខែកក្កដានេះ ត្រូវបានគេរាយការណ៍ថា បានឈ្នះពានឯកត្តជន Golden Boy Awards ក្នុងនាមកីឡាករវ័យក្មេងលេងល្អបំផុតប្រចាំឆ្នាំ២០២៤ ក្នុងនាមកីឡាករដែលបានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបអ្នកមានបុណ្យ FC Barcelona។
Yamal បានក្លាយជាកីឡាករអេស្ប៉ាញទី៤ ដែលឈ្នះពាន Golden Boy បន្ទាប់ពីមិត្តរួមជាតិ Pedri និង Gavi ធ្លាប់ឈ្នះកាលឆ្នាំ២០២១ និងឆ្នាំ២០២២ និង Fabregas ផងដែរ មុនពេលខ្សែបម្រើអន្តរជាតិអង់គ្លេស Jude Bellingham ដណ្តើមបានកាលពីឆ្នាំទៅ។
ទោះបីជាការបោះឆ្នោតនឹងបន្តធ្វើរហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្តី ក៏ប៉ុន្តែលោក Maroto បានទម្លាយថា មានតែ Yamal ម្នាក់គត់ដែលជាម្ចាស់ពាន Golden Boy ឆ្នាំនេះ ដ្បិតកន្លងមក Lionel Messi និង Cesc Fabregas សុទ្ធសឹងតែធ្លាប់ឈ្នះពាននេះដូចគ្នា៕