ពាក្យចចាមអារ៉ាម កាន់តែផ្ទុះខ្លាំងឡើង និងដូចអ្វីដែលអ្នកគាំទ្រស.ង្ស័យមែន

ប្រទេសអេស្ប៉ាញ ៖ ស្ថិតនៅអាយុត្រឹមតែ១៧ឆ្នាំ កីឡាករ Lamine Yamal បានឆក់យកបេះដូងអ្នកគាំទ្របាល់ទាត់នៅទូទាំងពិភពលោករួចបាត់ហើយ ព្រោះសមត្ថភាព និងទេពកោសល្យដ៏អស្ចារ្យរបស់គេនៅលើទីលានប្រកួត សម្រាប់ទាំងក្រុមអ្នកមានបុណ្យ Barcelona ជាពិសេសជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ។ Lamine Yamal លេចធ្លោខ្លាំងបំផុតក្នុងការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ ដោយបានរួមចំណែកយ៉ាងសំខាន់បំផុតជួយអេស្ប៉ាញរហូតទាល់តែឈ្នះជើងឯកនៅឆ្នាំនេះ។
ខ្សែបម្រើប្រយុទ្ធ Lamine Yamal ដែលកើតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ បានបង្កើតប្រវត្តិសាស្ត្រថ្មី ជាកីឡាករវ័យក្មេងបំផុតបង្ហាញវត្តមាននៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប នៅអាយុត្រឹម ១៦ឆ្នាំ និង ៣៣៨ថ្ងៃ ដោយបានបំបែកកំណត់ត្រារបស់ខ្សែបម្រើ Kacper Kozlowski ក្រុមជម្រើសជាតិប៉ូឡូញ ដែលមានអាយុ ១៧ឆ្នាំ និង ២៤៦ថ្ងៃ នៅពេលរូបគេបង្ហាញវត្តមាននៅក្នុងការប្រកួត Euro 2020។ មិនត្រឹមតែប៉ុណ្ណោះទេ សមត្ថភាពលើទីលានដ៏អស្ចារ្យរបស់ Yamal ត្រូវបានប្រដូចទៅនឹងប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Barcelona ថែមទៀតផង។
រឿងមួយផ្សេងទៀត ដែលអ្នកគាំទ្រ ជាពិសេសនារីៗ ចាប់អារម្មណ៍ខ្លាំងលើកីឡាករ Yamal គឺការបង្ហាញវត្តមានមិត្តស្រីរបស់ខ្លួនជាសាធារណៈ អំឡុងពិធីលើកពានជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ អ្នកគាំទ្រ ជាពិសេសនារីៗ ពិតជាចង់ដឹងណាស់ថា តើនារីរូបនោះជានរណា មកពីណា និងបង្កាត់ភ្លើងស្នេហ៍ជាមួយ Yamal តាំងពីពេលណា?
ប្រភពពីកាសែតចក្រភពអង់គ្លេស Daily Mail និង New York Post របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា មានមនុស្សតិចតួចណាស់បានដឹងពីសិស្សស្រីអាយុ១៧ឆ្នាំម្នាក់ អ្នករស់នៅទីក្រុងបារសេឡូណា ប្រទេសអេស្ប៉ាញ ឈ្មោះ Alex Padilla ដែលជាមិត្តស្រីកីឡាករ Yamal បើទោះជានៅពេលនេះ នាងមានអ្នកតាមដានជាង ៤០ម៉ឺននាក់លើកម្មវិធី TikTok ចាប់តាំងពីបង្ហាញវត្តមានអបអរជ័យជម្នះជាមួយ Yamal កាលពីពេលថ្មីៗនេះ ហើយរូបភាពអ្នកទាំងពីរបានផ្ទុះឡើងនៅលើបណ្តាសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមជុំវិញពិភពលោក យ៉ាងណាក៏ដោយ។
យុវតី Alex Padilla ក៏ធ្លាប់ទទួលការចាប់អារម្មណ៍តាមរយៈគណនីបណ្តាញសង្គម Instagram ដែលមានអ្នកតាមដានប្រហែល២ម៉ឺននាក់ផងដែរ មុនពេលនាងសម្រេចបិទគណនីនោះចោលវិញ បន្ទាប់ពីមានការជីកឫសជីកគល់ជុំវិញទំនាក់ទំនងនាងជាមួយ Yamal។ មុនពេលសម្រេចលុបគណនីចោល របាយការណ៍បានអះអាងថា Padilla បានចុចតាមដាន ឬ Followed ទាំងគណនី Yamal ក៏ដូចជាឪពុករបស់ Yamal គឺលោក Mounir Nasraoui ផងដែរ។
អ្នកគាំទ្រជឿថា អ្នកទាំងពីរបានភ្ជាប់ទំនាក់ទំនងស្នេហាមួយរយៈមកហើយ។ ពាក្យចចាមអារ៉ាមកាន់តែផ្ទុះខ្លាំងឡើង និងដូចអ្វីដែលអ្នកគាំទ្រសង្ស័យមែន នៅពេលដែល Padilla ត្រូវបានប្រទះឃើញមកទស្សនាការប្រកួតវគ្គចែកពូលរបស់អេស្ប៉ាញ ដោយអង្គុយជាមួយក្រុមគ្រួសារ Yamal ។
នៅទីបំផុត គូស្នេហ៍វ័យក្មេង១គូនេះបានបញ្ជាក់អំពីទំនាក់ទំនងពួកគេជាផ្លូវការតែម្តង បន្ទាប់ពីការទទួលជ័យជម្នះរបស់អេស្ប៉ាញលើអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រ Euro 2024។ ក្រោយចប់ការប្រកួត Padilla បានបង្ហាញវត្តមានលើទីលាន ដោយពាក់អាវជម្រើសជាតិអេស្ប៉ាញមានឈ្មោះ Yamal និងលេខនៅពីខាងក្រោយ ហើយបានបង្ហាញភាពស្អិតរមួតជាមួយនឹងមិត្តប្រុស ដែលធ្វើឱ្យអ្នកគាំទ្រនារីៗជាច្រើនច្រណែនយ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង