ASEAN U19៖ កុំភ្លេច! កម្ពុជា ប៉ះទីម័រខាងកើត បើកឆាកពូល A នារសៀលនេះ
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងតតាំងជាមួយក្រុមទីម័រខាងកើត ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boys’ Championship) ឆ្នាំ២០២៤ ក្នុងការបើកឆាកពូល A វគ្គសន្សំពិន្ទុ នាថ្ងៃទី១៧ ខែកក្កដានេះ នៅកីឡដ្ឋាន Gelora Bung Tomo នាទីក្រុង Surabay ប្រទេសឥណ្ឌូនេស៊ី នារសៀលនេះម៉ោង ៣:០០នាទី (ម៉ោងនៅកម្ពុជា)។
ចំពោះការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 នេះដែរ កម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត។ ចំណែកពូល B មានឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្រ្តាលី និងពូល C មានក្រុម U19 ម៉ាឡេស៊ី ថៃ សិង្ហបុរី និងប្រ៊ុយណេ។
នេះជា ១ប្រកួតបើកឆាកពូល A របស់ក្រុមយុវជនកម្ពុជា នៅការប៉ះជាមួយក្រុមទីម័រខាងកើត ក្នុងការស្វែងរកពិន្ទុរៀងៗខ្លួន ខណៈប្រកួតបន្ទាប់របស់ U19កម្ពុជា នឹងបន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២០ ខែកក្កដា និងចុងក្រោយជួបហ្វីលីពីន នាថ្ងៃទី២៣ ខែដដែលនេះ។
គួរដឹងថា ការប្រកួតនេះ ក៏មិនខុសពីពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំប្រចាំតំបន់អាស៊ាន កាលពីថ្មីៗដែរ ដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុវិលជុំតាមពូល ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ពោលគឺក្រុមលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេក្នុងចំណោមពូលទាំង ៣ នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ការណ៍នេះ នាំឲ្យក្រុមនីមួយៗ ត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីប្រជែងកៅអីកំពូលតារាង៕