Sullivan វ័យ ១៤ឆ្នាំ ក្លាយជាកីឡាករក្មេងជាងគេនៅលីគអាមេរិក អាចនឹងផ្លាស់មក Man City ពេលវ័យ ១៨ឆ្នាំ

(វ៉ាស៊ីនតោន)៖ ខ្សែបម្រើ Cavan Sullivan វ័យត្រឹមតែ ១៤ឆ្នាំ ជាកីឡាករក្មេងជាងគេ បង្ហាញខ្លួនក្នុងលីគកំពូល Major League Soccer របស់សហរដ្ឋអាមេរិក ដែលអាចនឹងផ្លាស់មកក្លិបមេឃខៀវ Manchester City ពេលមានវ័យ ១៨ឆ្នាំខាងមុខ។ នេះយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
ស្ថិតក្នុងវ័យ ១៤ឆ្នាំ និង ២៩៣ថ្ងៃ រូបគេត្រូវបានក្លិប Philadelphia Union ដាក់ឱ្យចូលលេងនៅនាទី៨៥ ក្នុងជ័យជម្នះ ៥-១ ទៅលើគូប្រជែង New England Revolution នៅកីឡដ្ឋាន Subaru Park ស្ថិតក្នុងរដ្ឋ Pennsylvania ដោយបានបំបែកកំណត់ត្រាចាស់របស់កីឡាករ Freddy Adu ដែលបានចូលលេងក្នុងលីគ MLS ពេលរូបគេមានវ័យ ១៤ឆ្នាំ និង ៣០៦ថ្ងៃ ក្នុងក្លិប DC United កាលឆ្នាំ២០០៤។
បន្ថែមលើនេះ Sullivan ក៏បានសាងកំណត់ត្រា ក្លាយជាកីឡាករក្មេងជាងគេនៅតំបន់អាមេរិកខាងជើង បង្ហាញខ្លួនក្នុងលីគកំពូលនេះដែរ។
រូបលោកបានចុះកិច្ចសន្យាលេងឱ្យ Philadelphia កាលពីខែឧសភា ឆ្នាំ២០២៤ ជាកីឡាករដែលធំធាត់នៅទីនេះផងដែរ មានក្តីស្រម៉ៃចង់លេងឱ្យ Man City ពេលធំឡើង ស្របពេលក្លិបជើងឯកអង់គ្លេសមួយនេះ ក៏តែងតែធ្វើឱ្យសុបិនរបស់ក្មេងៗក្លាយជាការពិតផងដែរ នាពេលកន្លងមក។
គួរបញ្ជាក់ផងថា បងប្រុសរបស់ Sullivan ដែលមានវ័យ ២០ឆ្នាំ ក៏បានកំពុងលេងឱ្យ Union ផងដែរ ដ្បិតនៅអង់គ្លេស កីឡាករក្មេងជាងគេចូលលេងក្នុងលីគកំពូលគឺ Ethan Nwaneri នៃក្លិបកាំភ្លើងធំ Arsenal មានវ័យ ១៥ឆ្នាំ និង ១៨១ថ្ងៃកាលឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង