ព្រះខ័នរាជស្វាយរៀង ឡើងវគ្គចែកពូល Shopee Cup ក្រោយទម្លាក់ក្រុម Young Elephants ទាំង ២ជើង ៨-៣
(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានឡើងវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ឆ្នាំ២០២៤/២៥ (ASEAN Club Championship Shopee Cup 2024/25) ហើយ ក្រោយបន្ដយកឈ្នះក្រុម Young Elephants ដោយលទ្ធផល ៥-១ ក្នុងជំនួបវគ្គជម្រុះជើងទី២ នៅរាត្រីថ្ងៃទី២៤ ខែកក្កដានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ សរុបទាំង ២ជើង ក្រុមជើងឯកលីគកំពូលកម្ពុជា បានយកឈ្នះក្រុមជើងឯកលីគកំពូលឡាវ ៨-៣។
ជំនួបកាត់សេចក្ដីក្នុងដីនេះ កីឡាករ Takumu Nishihara បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ ជួយឲ្យក្រុម Young Elephants នាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទីទី៩ ក្រោយការបង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់ពីខ្សែការពារ សឿយ វិសាល។ យ៉ាងណាមិញ ព្រះខ័នរាជស្វាយរៀង នៅតែបន្ដគ្រប់គ្រងបាល់បានច្រើន រហូតវាយបកបាន ២គ្រាប់មកវិញ នៅចុងវគ្គទី១ ដែលបញ្ចប់ទីដោយកីឡាករ Christian Dos Santos នៅនាទី៣៩ និងមិត្ដរួមក្រុម Pablo Augusto នៅនាទី៤១។
ចូលវគ្គទី២ ក្រុមជើងឯកលីគកំពូលកម្ពុជា នៅតែបន្ដដាក់សម្ពាធលើក្រុមភ្ញៀវ ក្នុងនោះខ្សែប្រយុទ្ធប្រេស៊ីល Pablo Augusto ដែលខកខានឱកាសជាច្រើន កាលពីជំនួបជើងទី១ បានបន្ថែម ៣គ្រាប់ទៀត នៅនាទី៥៣, នាទី៦១ និងនាទី៧៤ មុនផ្លាស់ប្ដូរចេញនៅនាទី៧៥។ ស្របពេលក្រុមម្ចាស់ផ្ទះ នាំមុខ ៥-១ នេះដែរ Young Elephants បានបាត់បង់សមាជិកម្នាក់ គឺប្រធានក្រុម Thippachanh Inthavong ដែលត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហម បន្ទាប់ពីបង្កកំហុសលើកីឡាករ Nick Taylor នៅនាទី៧៧។
យ៉ាងណាមិញនៅសល់រយៈពេលជាង ១០នាទីចុងក្រោយ ព្រះខ័នរាជស្វាយរៀង មិនអាចរកគ្រាប់បាល់បន្ថែមទៀតឡើយ ដោយរក្សាលទ្ធផលនាំមុខ ៥-១ ដល់ចប់ការប្រកួតពេញម៉ោង។
ជោគជ័យនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គចែកពូល នៃពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 ដោយឡើងបង្គ្រប់ពូលA ជាមួយបេក្ខភាព ៥ក្រុមផ្សេងទៀត រួមមានក្រុម BG Pathum United (ថៃ), ក្រុម Teragganu FC (ម៉ាឡេស៊ី), ក្រុម PSM Makassar (ឥណ្ឌូនេស៊ី) និងក្រុម Dong A Thanh Hoa (វៀតណាម) ដែលនៅឈរចាំ។ រីឯ ១ក្រុមទៀត គឺក្រុម Shan United របស់មីយ៉ាន់ម៉ា ក្រោយយកឈ្នះក្រុម Kasuka របស់ប្រ៊ុយណេ ក្នុងវគ្គជម្រុះទាំង ២ជើង ដោយលទ្ធផល ៤-២៕