កប៉ាល់ទង់ជាតិហ្វីលីពីន ដឹកប្រេងចំនួន ១,៤លានលីត្រ បានក្រឡាប់ ហើយលិចនៅឆ្នេរសមុទ្រម៉ានីល

ប្រទេសហ្វីលីពីន ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរប្រទេសហ្វីលីពីន បានរាយការណ៍ថា កប៉ាល់ទង់ជាតិហ្វីលីពីន ដែលដឹកប្រេងចំនួន ១,៤លានលីត្រ បានក្រឡាប់ ហើយលិចនៅឆ្នេរសមុទ្រម៉ានីល។ នេះបើតាមប្រភពពីសារព័ត៌មាន BBC និង France 24 ចេញផ្សាយនៅព្រឹកថ្ងៃនេះ។
លោក Jaime Bautista លេខាធិការនៃនាយកដ្ឋានដឹកជញ្ជូនហ្វីលីពីន បានថ្លែងថា សមាជិកនាវិកចំនួន ១៦នាក់ក្នុងចំណោម ១៧នាក់ នៅលើកប៉ាល់ដឹកប្រេង MT Terra Nova ដែលបានក្រឡាប់នោះ ត្រូវបានជួយសង្គ្រោះ ខណៈប្រតិបត្តិការស្វែងរកនាវិកម្នាក់ដែលបាត់ខ្លួនកំពុងតែបន្ត។ មន្ត្រីដដែលបានបន្តទៀតថា ការធ្លាយប្រេងត្រូវបានរាយការណ៍ ក្រោយកប៉ាល់ក្រឡាប់ ប៉ុន្តែដោយសារកម្លាំងខ្យល់បកខ្លាំង និងរលកខ្ពស់កំពុងរារាំងប្រតិបត្តិការរបស់អាជ្ញាធរ ក៏ដូចក្រុមសង្គ្រោះ។
កប៉ាល់ដឹកប្រេង MT Terra Nova បាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកណ្តាលទីក្រុង Iloilo ប៉ុន្តែបានលិចនៅក្នុងឆ្នេរសមុទ្រម៉ានីល និងមានចម្ងាយជិត៧គីឡូម៉ែត្រពីក្រុងលីម៉ាយ (Limay) ខេត្តបាតាន (Bataan) ដែលនៅជិតរដ្ឋធានីម៉ានីល។ ឧបទ្ទវហេតុនេះកើតឡើង១ថ្ងៃ បន្ទាប់ពីព្យុះទីហ្វុងហ្គេមី (Gaemi) បានបង្កើនភ្លៀងមូសុងតាមរដូវ បោកបក់មករដ្ឋធានីម៉ានីល និងតំបន់ជុំវិញ។
ការធា្លយប្រេងបានលាតសន្ធឹងប្រហែល ៣.៧គីឡូម៉ែត្រ នៅក្នុងទិសដៅពីខាងកើតទៅភាគឦសាន។
ក្រុមការពារបរិស្ថានសមុទ្របានចល័តកម្លាំង ដើម្បីជួយទប់ស្កាត់ការរីករាលដាលប្រេង។ ចំណែកឧត្តមនាវីឯក Ronnie Gavan មេបញ្ជាការឆ្មាំសមុទ្រហ្វីលីពីនអះអាងថា លោកបានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
គួររំលឹកថា ប្រទេសហ្វីលីពីន ទើបតែជួបឧបទ្ទវហេតុលិចកប៉ាល់ដឹកប្រេង កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ នៅពេលដែលកប៉ាល់ដឹកប្រេង៨០ម៉ឺនលីត្រ បានលិចនៅក្បែរកោះមីនដូរ៉ូ (Mindoro)។ ប្រេងធ្លាយចេញពីកប៉ាល់នោះ បានបំពុលទឹក និងឆ្នេរនៅតាមឆ្នេរសមុទ្រ ដោយបំផ្លិចបំផ្លាញឧស្សាហកម្មនេសាទ និងទេសចរណ៍៕ (ប្រភព ៖ BBC និង France 24)

អត្ថបទដែលជាប់ទាក់ទង