ប្រទេសចិន បានបង្កើតកំណត់ត្រាឈ្នះមេដាយមាស ដំបូងគេបង្អស់
ប្រទេសបារាំង ៖ ប្រទេសចិនបានបង្កើតកំណត់ត្រាឈ្នះមេដាយមាសដំបូងគេបង្អស់ នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ លើការប្រកួតកីឡាបាញ់កាំភ្លើងវិញ្ញាសាដៃគូចម្ងាយ១០ម៉ែត្រ។
ការប្រកួតកីឡាបាញ់កាំភ្លើងប្រភេទវិញ្ញាសាដៃគូចម្ងាយ១០ម៉ែត្រ ដែលចំណាយពេល៣ម៉ោង ដែលរៀបចំឡើងពីទីក្រុង Chateauroux កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក) គឺជាកន្លែងដើម្បីកំណត់ជ័យជម្នះរបស់កីឡាការិនី Huang Yuting និងកីឡាករ Sheng Lihao មកពីប្រទេសចិន ឈ្នះមេដាយអូឡាំពិកដំបូងបង្អស់នៅឆ្នាំនេះ។ កីឡាការិនី Huang Yuting អាយុ១៧ឆ្នាំ និងកីឡាករ Sheng Lihao អាយុ១៩ឆ្នាំ បានយកឈ្នះពិន្ទុលើកីឡាការិនី Keum Jihyeon និងកីឡាករ Park Hajun មកពីប្រទេសកូរ៉េខាងត្បូងក្នុងលទ្ធផល ១៦ ទល់នឹង ១២។
នៅក្នុងវិញ្ញាសាប្រកួតជាមួយគ្នានោះ កីឡាការិនី Alexandra Le និងកីឡាករ Islam Satpayev មកពីប្រទេសកាហ្សាក់ស្ថាន ដណ្តើមបានមេដាយសំរឹទ្ធ ក្រោយយកឈ្នះពិន្ទុលើកីឡាការិនី Anna Janssen និងកីឡាករ Maximilian Ulbrich មកពីអាល្លឺម៉ង់ដោយលទ្ធផល ១៧ ទល់នឹង ៩។ ជ័យជម្នះរបស់កីឡាការិនី Alexandra Le អាយុ២០ឆ្នាំ និងកីឡាករ Islam Satpayev អាយុ២៥ឆ្នាំ បង្កើតបានកំណត់ត្រាជាអត្តពលិឈ្នះមេដាយដំបូងគេបង្អស់ប្រចាំព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។
គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ប្រទេសអូស្រ្តាលី កំពុងកាន់កាប់កំពូលតារាងមេដាយផ្លូវការ ក្រោយឈ្នះមេដាយមាសចំនួន ៣គ្រឿង និង ប្រាក់ ២គ្រឿង។ ប្រទេសចិនឈរនៅលេខ ២ ក្រោយឈ្នះមេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរនៅលេខ ៣ ដោយឈ្នះមេដាយមាស ១គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង៕ (ប្រភព ៖ AP និង CNN)