កីឡាកាយសម្ព័ន្ធកម្ពុជា ឈ្នះមេដាយអន្ដរជាតិ ២គ្រឿង ខណៈមន្ដ្រីសហព័ន្ធ ចាត់ទុកជាការប្រកួតដ៏ល្អ

(ភ្នំពេញ)៖ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា បានឈ្នះមេដាយអន្ដរជាតិ ២គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ១) នៅក្នុងកម្មវិធី Korea OPEN AEROBIC Gymnastics Video Online Competition 2024 ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកនេះគឺជាការប្រកួតដ៏ល្អ ដើម្បីវាស់ស្ទង់សមត្ថភាពក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ជាមួយបណ្ដាប្រទេសជាច្រើន ដែលចូលរួមការប្រកួតនេះ ។
អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា នេះគឺកម្មវិធីប្រចាំឆ្នាំ ដែលសាធារណរដ្ឋកូរ៉េ តែងរៀបចំការប្រកួតតាមអនឡាញ ដោយគ្រាន់តែតម្រូវឲ្យបណ្ដាប្រទេសចូលរួម ធ្វើការថតជាវីដេអូ តាមវិញ្ញាសានីមួយៗ ហើយបញ្ជូនចូលរួមការប្រកួត ក្នុងនោះម្ចាស់ផ្ទះ បានអញ្ជើណចៅក្រម ២រូបពីបណ្ដាប្រទេសចូលរួមទាំងអស់ ដើម្បីចូលរួមកាត់សេចក្ដី ខណៈកម្ពុជា បានបញ្ជូនលោក សោ សុផេង និងកញ្ញា សោ សុគីម ចូលរួម ។
ការប្រកួតឆ្នាំនេះ ធ្វើឡើង ២ថ្ងៃ នៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២៤ ដោយមានកីឡាករ-កីឡាការិនី ៧៣០នាក់ មកពី ២១ប្រទេសចូលរួម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនកីឡាករ-កីឡាការិនីលើ ៥វិញ្ញាសាចូលរួមប្រកួតផងដែរ ហើយជាលទ្ធផលដណ្ដើមបានមេដាយ ២វិញ្ញាសា រួមមានមេដាយប្រាក់ ១ លើវិញ្ញាសា TRIO ដោយកីឡាការិនី ស៊ីវ ចន្ថា, ឌឹម អ៊នធីតា និង ណេម សុខហេង និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសាក្រុមនារី ដោយកីឡាការិនី ម៉ូ ស្រីពៅ, ស៊ីវ ចន្ថា, ឌឹម អ៊នធីតា, ណេម សុខហេង និង ឈូន សុវណ្ណបញ្ញា ។
លោក ណយ ផាណា បានលើកឡើងថា «ការប្រកួតនេះ គឺជាចំណុចមួយល្អ សម្រាប់យើង ព្រោះការរៀបចំនេះ បើកទូលំទូលាយមែនទែន ពិសេសគឺយើងមិនចាំបាច់ចំណាយ ទាំងការធ្វើដំណើរ និងហូបចុក-ស្នាក់នៅ យើងគ្រាន់តែរៀបចំការហ្វឹកហាត់របស់យើងឲ្យបានល្អ សម្លៀកបំពាក់ឲ្យបានសមរម្យត្រឹមត្រូវ មានន័យថា ដូចការប្រកួតផ្ទាល់អ៊ីចឹង ហើងរៀបចំថតជាវីដេអូ ផ្ញើទៅធ្វើការប្រកួតប្រជែង ជាមួយបណ្ដាប្រទេសផ្សេងៗ ។ ដូច្នេះកន្លែងនេះ គឺល្អណាស់ សម្រាប់កម្ពុជា»
លោកបន្ដថា «ជាទូទៅ ការប្រកួត Korea OPEN AEROBIC Gymnastics Video Online Competition គឺធ្វើជារៀងរាល់ឆ្នាំ ហើយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្រោមការដឹកនាំ ចង្អុលបង្ហាញ និងយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុនជា ប្រធានសហព័ន្ធ តែងរៀបចំបញ្ជូនវីដេអូកីឡាករ-កីឡាការិនីរបស់យើង ទៅចូលរួមការប្រកួត ដើម្បីវាស់ស្ទង់សមត្ថភាព ជាក់ស្ដែងឆ្នាំមុន ក៏យើងបានចូលរួម ហើយឆ្នាំនេះ យើងបញ្ជូន ៥វិញ្ញាសា តែយើងទទួលបានលទ្ធផល ២វិញ្ញាសា ដែលកីឡាករ-កីឡាការិនីរបស់យើងធ្វើបានល្អ» ៕

អត្ថបទដែលជាប់ទាក់ទង