អភិបាលខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ក្នុងឱកាសនៃជំនួប ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបញ្ជាក់កាន់តែច្បាស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមអភិបាលខេត្ត បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងការសម្របសម្រួលដ៏ល្អប្រសើរ ជាពិសេស សកម្មភាពមនុស្សធម៌របស់គណប្រតិភូខេត្តឃ្យុងសាងប៊ុកដូ នៅកម្ពុជា ក៏ដូចការរៀបចំ “ពិព័រណ៍អង្គរ-ឃ្យុងយុ” នៅខេត្តសៀមរាប កាលពីឆ្នាំ២០០៦ ។ ឯកឧត្តមអភិបាលខេត្តបានប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងបានជម្រាបជូនសម្តេចធិបតីថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។

សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសខេត្តឃ្យុងសាងប៊ុកដូ ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដូចជាការព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតប្រាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តឃ្យុងសាងប៊ុកដូ និងខេត្តកំពង់ធំ នាពេលថ្មីៗនេះ។

សម្ដេចធិបតី និងឯកឧត្តមអភិបាលខេត្ត ក៏បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សុខាភិបាល ព្រមទាំងចែករំលែកនូវបទពិសោធន៍ជោគជ័យក្នុងការអនុវត្តនូវគម្រោងភូមិថ្មី (Saemaul Undong) នៅកូរ៉េ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយនិងយន្តការ របស់រាជរដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា ព្រមទាំងក៏បានលើកទឹកចិត្តឱ្យឯកឧត្តមអភិបាលខេត្ត បន្តផ្សព្វផ្សាយសក្កានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង