Paris 2024 ៖ Djokovic យកឈ្នះ Nadal ដើម្បីបន្តក្តីសង្ឃឹមប្រជែងមេដាយអូឡាំពិក
(ប៉ារីស)៖ កីឡាករវាយកូនបាល់ទោល Novak Djokovic បានទម្លាក់គូប្រជែង Rafael Nadal ត្រឹមជុំទី២ ប៉ុណ្ណោះ ដើម្បីបន្តក្តីសង្ឃឹមប្រជែងមេដាយមាស អូឡាំពិករដូវក្តៅនៅបារាំង ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
កីឡាករអន្តរជាតិស៊ែប៊ី វ័យ ៣៧ឆ្នាំរូបនេះបានប្រើពេលត្រឹមតែ ២សិតប៉ុណ្ណោះ ក្នុងការយកឈ្នះគូប្រជែងមកពីអេស្ប៉ាញ Nadal ក្នុងលំដាប់ពិន្ទុ ៦-១ និង ៦-៤ សម្រាប់ជុំទី២ នៅ Paris Olympic Games 2024 ផ្នែកកីឡា Tennis ទៅលើវិញ្ញាសាវាយទោលផ្នែកបុរស កាលពីរាត្រីថ្ងៃចន្ទ ទី២៩ ខែកក្កដា។
កីឡាករចាស់វស្សា Nadal វ័យ ៣៨ឆ្នាំ គឺជាឧបសគ្គធំទី១ ដែល Djokovic បានឆ្លងផុត ក្នុងការឆ្ពោះទៅប្រជែងមេដាយមាសអូឡាំពិក លើកទី៣៣ នៅទីក្រុងប៉ារីស ដែលធ្វើឡើងនៅលើទីលានដីឥដ្ឋ Roland Garros។
នេះជាការជួបគ្នាលើកទី៦០ រវាងជើងខ្លាំងទាំងពីរ ដែលពុំមានកីឡាកររូបណាមានស្ថិតិបែបនេះទេ នៅពេលដែល Djokovic បានទទួលជ័យជម្នះ ៣១ដង និង Nadal វិញឈ្នះ ២៩ដង គិតចាប់តាំងពីពួកគេបានពើបប្រទះគ្នាលើកដំបូងតាំងពីឆ្នាំ២០០៦ មក៕