Southampton សម្រេចកិច្ចព្រមព្រៀងក្នុងការនាំយកខ្សែប្រយុទ្ធ Diaz មកពី Villarreal
(ឡុងដ៍)៖ ក្លិបអង់គ្លេស Southampton បានសម្រេចការចុះកិច្ចព្រមព្រៀងជាមួយនឹងខ្សែប្រយុទ្ធ Ben Brereton Diaz មកពីក្លិបអេស្ប៉ាញ Villarreal ក្នុងតម្លៃប្រមាណ ៧លានផោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
ខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំជាមួយ Southampton ដើម្បីបញ្ចប់ការលេង ១២ខែនៅ Villarreal។
Brereton Diaz បានផ្លាស់ទៅលេងនៅក្លិបដែលលេងនៅលីគកំពូលអេស្ប៉ាញ La Liga លើការផ្ទេរដោយឥតបង់ថ្លៃ បន្ទាប់ពីកិច្ចសន្យារបស់លោកនៅឯក្លិប Blackburn បានផុតកំណត់ ប៉ុន្តែមិនអាចរកគ្រាប់បាល់បាននោះទេ ក្នុងការបង្ហាញខ្លួន ចំនួន ២០លើកមកនេះ។
គួររំលឹកថា Southampton បានស្វែងរកខ្សែប្រយុទ្ធថ្មី បន្ទាប់ពីកីឡាករ Che Adams បានជ្រើសរើសចូលរួមជាមួយនឹងក្លិប Torino ក្នុងខែនេះដោយបានច្រានចោលកិច្ចសន្យាថ្មី ដែលបានផ្ដល់ដោយក្លិប Southampton៕