លីគនារី នឹងត្រឡប់មកវិញ នាខែក្រោយ បន្ទាប់ពីខកខានជិត ២ឆ្នាំកន្លះ

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌខេមបូឌានលីគនារី នឹងត្រឡប់មកវិញនាពាក់កណ្ដាលខែក្រោយ បន្ទាប់ពីខកខានការប្រកួតជិត ២ឆ្នាំកន្លះ បើគិតចាប់ពីរដូវកាលឆ្នាំ២០២១ ដែលបានបញ្ចប់កាលពីចុងខែមីនា ឆ្នាំ២០២២។
យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃពុធនេះបានបញ្ជាក់ថា «ការប្រកួត ខេមបូឌានលីគនារី ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុមចូលរួមប្រកួតប្រជែងក្នុងការប្រកួតលីគនេះ»។
ពាក់ព័ន្ធនឹងរូបមន្ដប្រកួតវិញ សហព័ន្ធនឹងបែងចែកការប្រកួតជា ២ដំណាក់កាល ដោយដំណាក់កាលទី១ ត្រូវធ្វើការប្រកួតតាមរូបមន្តលីគ ២ជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទី២ បន្ទាប់ពីបញ្ចប់ការប្រកួតលីគ ២ជុំ ក្រុមដែលមានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន ៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសយក ១ក្រុមដែលមានពិន្ទុខ្ពស់ជាងគេគ្រងជើងឯកតែម្តង។
ចំពោះបេក្ខភាព ១០ក្រុមដែលត្រៀមប្រជែងជើងឯកលីគនារី ឆ្នាំ២០២៤ ក្នុងរយៈពេលជិត ៧ខែ នាពេលឆាប់ៗខាងមុខ គឺមានក្រុមជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន, ណាហ្គាវើលដ៏, វិសាខា, សៀមរាបអេហ្វស៊ី, បឹងកេត, ព្រះខ័នរាជស្វាយរៀង, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង, សមាគមក្លិបបាល់ទាត់មីស្ទើរលេង, សមាគកីឡាបាល់ទាត់ខេត្តកំពង់ធំ និងអង្គការ សលត៍ ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង