សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូណនតេជោ បង្ហាញថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញក្នុងការកំណត់ជោគវាសនារបស់ខ្លួនដោយខ្លួនឯង

ខេត្តកណ្ដាល ៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ បានបង្ហាញថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញក្នុងការកំណត់ជោគវាសនារបស់ខ្លួនដោយខ្លួនឯង ខណៈដែលគម្រោងប្រវត្តិសាស្ត្រនេះមានតម្លៃខ្ពស់មហាសាលសម្រាប់ប្រជាជាតិកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។

ក្នុងពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសម្ពោធបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាប្រជាជាតិតែមួយ ចលនា ជាតិតែមួយ ប្រកបដោយស្មារតីជាតិនិងជាតិនិយម ដើម្បីរួមគ្នាកសាងភាពល្បីល្បាញនិងមោទនភាពជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យនិងការសម្រេចចិត្តសាងសង់ព្រែកជីកហ្វូណនតេជោនេះ បង្ហាញពីការដឹកនាំប្រកបដោយទស្សនៈវិស័យនិងការហ៊ានធ្វើហ៊ានទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុជាតិពេលបច្ចុប្បន្ននិងអនាគត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ព្រែកជីកហ្វូណនតេជោ នឹងជួយលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើការដឹកជញ្ជូនតាមផ្លូវទឹកដែលនឹងជួយលំហូពាណិជ្ជកម្ម។ បន្ថែមពីនោះ ព្រែកជីកនេះក៏នឹងក្លាយជាប្រព័ន្ធគ្រប់គ្រងធនធានទឹកដ៏មានប្រសិទ្ធភាពដែលនឹងបើកសក្តានុពលនៃតំបន់ជាប់ផ្លូវទឹកជាច្រើនទៀត រួមទាំងតំបន់តាមដងទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ ដែលនឹងនាំមកនូវការវិនិយោគជាពិសេសគ្រប់វិស័យឧស្សាហកម្ម កសិកម្ម ឡូជីស្ទីកនិងអចលនទ្រព្យ ក៏ដូចជាសក្តានុពលនៃការវិវឌ្ឍដល់តំបន់ដែលព្រែកជីកនេះហូរកាត់ ព្រមទាំងតំបន់ដទៃទៀតនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា គម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោនេះ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ព្រែកជីកហ្វូណនតេជោគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានប្រភពទុនវិនិយោគពីសហគ្រាសសាធារណៈ និងក្រុមហ៊ុន ក្នុងស្រុក និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយ នឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង