ពន្យារពេលកាត់ទោសលោក ត្រាំ ក្នុងសំណុំរឿងលុយបំបិទមាត់ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី

(ញូវយ៉ក)៖ ការប្រកាសសាលក្រមផ្តន្ទាទោសលោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងលុយបំបិទមាត់ នៅឯតុលាការក្រុងញូវយ៉ក ត្រូវបានពន្យារពេល រហូតដល់ក្រោយ ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ដែលនេះជាជ័យជម្នះមួយសម្រាប់លោក ត្រាំ ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ខណៈរូបលោក កំពុងប្រជែងយ៉ាងស្រួចស្រាល់ជាមួយលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ ដើម្បីដណ្ដើមកៅអីសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ដំបូងឡើយ ការប្រកាសសាលក្រមកាត់ទោសលោក ដូណាល់ ត្រាំ ត្រូវបានកំណត់យកថ្ងៃទី១៨ ខែកញ្ញានេះ នៅក្នុងសំណុំរឿងក្លែងបន្លំឯកសារអាជីវកម្មដើម្បីសូកលុយបំបិទ មាត់អតីតតារាថតកុនអាសអាភាសម្នាក់ កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២។ ប៉ុន្តែ ចៅក្រម លោក Juan Merchan កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា បានសម្រេច ពន្យារពេលប្រកាសសាលក្រម ទៅថ្ងៃទី២៦ ខែវិច្ឆិកាវិញ ពោលគឺ៣សប្ដាហ៍ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកា តាមសំណើក្រុមមេធាវីរបស់លោក ត្រាំ។
គួរបញ្ជាក់ថា ការសម្រេចចិត្តពន្យារពេលប្រកាសសាលក្រមកាត់ទោសនេះ កើតមានឡើងខណៈលោក ត្រាំ និងលោកស្រី ហារីស កំពុងត្រៀមខ្លួនចូលរួមក្នុងវេទិកាតស៊ូមតិ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ លោក ត្រាំ បានបង្ហោះសារស្វាគមន៍ការពន្យារពេលប្រកាសសាលក្រម ហើយថាសំណុំរឿងរបស់លោកគួរតែត្រូវបានបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង