ចាប់ខ្លួនមនុស្សយ៉ាងតិច៧នាក់ ប្រកាសគំរាមកំហែង ប្រុងផ្ដាច់ផ្ដិលអាយុជីវិត សម្ដេចសង្ឃប៉ាបហ្វ្រង់ស៊ីស

ទីក្រុងហ្សាកាតា៖ ថ្មីៗនេះ អាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួនមនុស្សយ៉ាងតិច៧នាក់ដែលប្រកាសគំរាមកំហែង ប្រុងផ្ដាច់ផ្ដិលអាយុជីវិតរបស់សម្ដេចសង្ឃប៉ាបហ្វ្រង់ស៊ីស ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចរបស់ព្រះអង្គនៅប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃសុក្រ និងបង្ហួសដំណើរទៅប្រទេសប៉ាពួញូហ្គីណេ។ ជនសង្ស័យទាំងនោះបង្ហោះសារគំរាមកំហែងនៅលើអ៊ីនធឺណិត។

អាជ្ញាធរបានចាប់ខ្លួនពួកគេនៅតាមទីក្រុងនានាជុំវិញទីក្រុងហ្សាកាតា បូកបញ្ចូលទាំងទាំងខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) និងបាងកា បេលីទុង (Bangka Belitung) ផងដែរ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីលោកអាស្វីន ស៊ីរេហ្កា (Aswin Siregar) ជាអ្នកនាំពាក្យក្រុមប្រឆាំងនឹងអំពើភេរវកម្ម។ ជនសង្ស័យជាប់ចោទពីបទបង្ហោះសេចក្ដីថ្លែងការណ៍ និងរូបភាពផ្សេងៗតាមអនឡាញដើម្បីគំរាមវាយប្រហារដោយគ្រាប់បែកនៅពេលសម្ដេចប៉ាបចូលរួមវេទិកាសាធារណៈនៅទីក្រុងហ្សាកាតា។
សម្ដេចសង្ឃនិមន្តទៅប្រទេសឥណ្ឌូណេស៊ីលើកនេះមានបំណងល្អទេ។ ព្រះអង្គចង់សាបព្រោះមេត្តាធម៌ និងការរួបរួមគ្នាទប់ទល់នឹងគំនិតជ្រុលនិយមផ្នែកសាសនា និងការមិនចេះអត់ឱនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។ តាមពិតទៅ, អាជ្ញាឥណ្ឌូណេស៊ីចាត់ទុកថាប្រទេសជាតិរបស់ខ្លួនមានភាពសុខដុមនីយកម្មផ្នែកជំនឿសាសនាទោះបីប្រជាជនប្រទេសនេះភាគច្រើនជាសាសនិកឥស្លាមក៏ដោយ។
នៅក្នុងករណីក្រុមជ្រុលនិយមសម្ដែងការមិនពេញចិត្តនឹងដំណើរទស្សនកិច្ចរបស់សម្ដេចសង្ឃលើកនេះ មានក្រុមខ្លះគំរាមដុតទីតាំងមួយចំនួនថែមទៀតផងដើម្បីឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ គេមិនទាន់ដឹងថាអ្នកទាំងនេះគ្រាន់តែនិយាយកម្លាៗដើម្បីរំសាយកំហឹងក្រេវក្រោធរបស់ខ្លួន? ឬក៏ពួកគេមានផែនការដើម្បីធ្វើដូចអ្វីដែលពួកគេបានប្រកាសតាមអនឡាញ?
អាជ្ញាធរមិនបានបញ្ចេញឱ្យដឹងថាពួកអ្នកបង្ហោះសារគំរាមកំហែងទាំងនោះជាអ្នកកាន់សាសនាអ្វីពិតប្រាកដទេ។ ប៉ុន្តែគេដឹងថាប្រទេសឥណ្ឌូណេស៊ីធ្លាប់មានបញ្ហាឈឺក្បាលនឹងគំនិតបះបោររបស់ក្រុមយុទ្ធជនឥស្លាមជ្រុលនិយម។ គេមិនត្រូវភ្លេចទេថាកាលពីជាង២០ឆ្នាំមុន មានករណីដាក់គ្រាប់បែកផ្ទុះនៅលើកោះបាលីស្លាប់មនុស្ស២០២នាក់។ នោះជាព្រឹត្តិការណ៍វាយប្រហារដ៏បង្ហូរឈាមនៅឥណ្ឌូណេស៊ី។
សម្រាប់ដំណើរទស្សនកិច្ចរបស់សម្ដេចសង្ឃលើកនេះ អាជ្ញាធរឥណ្ឌូណេស៊ីបានដាក់ពង្រាយកម្លាំងការពារយ៉ាងរឹងមាំនៅតាមគោលដៅសំខាន់ៗ។ សូម្បីតែនៅតាមដងវិថីមួយចំនួនដែលជាទីកន្លែងនិមន្តរបស់សម្ដេចសង្ឃ មុនដំបូងថានិមន្តតាមផ្លូវនេះ ប៉ុន្តែក្រោយមកទៀត គេដូរទៅនិមន្តតាមផ្លូវផ្សេងវិញដើម្បីធានាសន្តិសុខកម្រិតខ្ពស់។

អាជ្ញាធរបានប្រើប្រាស់កងសន្តិសុខជាតិ៤ពាន់នាក់ដែលបែងចែកជាក្រុមបាញ់ស៊ីបពីចម្ងាយ ឬស្នាយផឺ (sniper), កងទ័ព, នគរបាល និងកងសន្តិសុខពិសេសរង់ចាំអមដំណើរតាំងពីចុះពីលើយន្តហោះរហូតដល់ព្រះអង្គឡើងយន្តហោះត្រឡប់ទៅវិញ។ មែនទែនទៅ, សម្ដេចសង្ឃនិមន្តទៅប្រទេសឥណ្ឌូណេស៊ីលើកនេះដើម្បីស្វះស្វែងរកការផ្សះផ្សារ និងការរួបរួមគ្នាដើម្បីរស់នៅជាសន្តិសហវិជ្ជមាន។ សម្ដេចក៏បាននិមន្តទៅវិហារឥស្លាមដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង