ខ្សែការពារ Calafiori របស់ Arsenal រងរបួស នៅពេលអ៊ីតាលី បំបាក់បារាំងនៅ Nations League

(ប៉ារីស)៖ Riccardo Calafiori ខ្សែការពារចំណូលថ្មីរបស់កាំភ្លើងធំ Arsenal បានជួបបញ្ហារបួស ក្នុងប្រកួតដែលបានរួមចំណែកជួយក្រុមជម្រើសជាតិអ៊ីតាលី យកឈ្នះម្ចាស់ផ្ទះបារាំង ៣-១ បើកឆាកពានលីគអឺរ៉ុប UEFA Nations League 2024-2025 នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
Calafiori ដែលទើបត្រូវបានកោះហៅចូលរួមជាមួយអាសូរីអ៊ីតាលី នៅដើមឆ្នាំ២០២៤ នេះ បានប៉ះទង្គិចគ្នាជាមួយខ្សែបម្រើ Ousmane Dembele របស់បារាំង ក្នុងប្រកួតប្រចាំក្រុម២ នៃ League A។
ក្រោយពីការប៉ះទង្គិចគ្នាភ្លាមៗនោះដែរ គាត់ក៏បានព្យាយាមលេង ២-៣នាទីទៀតដែរ មុនពេលត្រូវបានប្តូរចេញ បន្ទាប់ពីកីឡាករ Bradley Barcola ជាអ្នករកបានគ្រាប់នាំមុខឱ្យមាន់គកបារាំង ត្រឹមចាប់ផ្តើមលេងបានតែ ១២វិនាទីប៉ុណ្ណោះ ស្ថិតក្នុងកីឡដ្ឋាន Parc des Princes ដែលជាទឹកដីរបស់ក្លិបអាជីព Paris Saint Germain។
តែយ៉ាងណា អ៊ីតាលី អតីតក្រុមលេខ៣ Nations League រដូវកាលមុនមួយនេះ ត្រូវរង់ចាំដល់នាទី៣០ ទើបកីឡាករ Federico Dimarco រកបានគ្រាប់តាមស្មើ ១-១ ពីការបញ្ជូនរបស់ Sandro Tonali និងជាមួយដំបូងរបស់ខ្សែបម្រើ ដែលត្រូវបានជ្រើសរើសចេញពីក្លិប Newcastle United ដែរ បន្ទាប់ពីរួចផុតបម្រាម ១០ខែ ដោយសារ Tonali មានការជាប់ពាក់ព័ន្ទទៅនឹងល្បែងភ្នាល់។
សម្រាប់ ៤៥នាទីដែលនៅសល់ក្នុងវគ្គទី២ ក្រុមភ្ញៀវអ៊ីតាលីបានបន្ថែម ២គ្រាប់ទៀត ដើម្បីយកឈ្នះក្រុមជើងឯកជំនាន់ទី២ បារាំងក្នុងពាន Nations League ពីការធ្វើបានសម្រេចរបស់កីឡាករ Frattesi មកពីក្លិប Inter Milan និង Giacomo Raspadori៕

អត្ថបទដែលជាប់ទាក់ទង