បញ្ជីឈ្មោះផ្លូវការក្រុមគោព្រៃជំទង់កម្ពុជា ត្រៀមការប្រកួតជម្រុះ AFC U-20 Asian Cup ចុងខែនេះ

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃច័ន្ទនេះ បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយជាផ្លូវការហើយ នៅជម្រើសក្រុមគោព្រៃជំទង់កម្ពុជា អាយុក្រោម ២០ឆ្នាំ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់យុវជន U20 ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៥ (AFC U-20 Asian Cup 2025 Qualifiers) ដែលស្ថិតក្នុងពូល B ដែលការប្រកួតធ្វើឡើងនៅឆាយនីសតៃប៉ិ ចាប់ពីថ្ងៃទី២១-២៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ។
ការបង្ហាញបញ្ជីឈ្មោះផ្លូវការនេះ ធ្វើឡើងក្រោយក្រុមគោព្រៃជំទង់កម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់ ១០ថ្ងៃ នៅប្រទេសថៃ ។ ចំពោះសមាជិក ២៣នាក់ចុងក្រោយនេះ រួមមានកីឡាករមកពីសាលាបាល់ទាត់ជាតិបាទី ៧នាក់, វិសាខា ៥នាក់, ភ្នំពេញក្រោន ៣នាក់ និងកងយោធពលខេមរភូមិន្ទ ២នាក់ ។

រីឯ ៦នាក់ទៀត គឺជាកីឡាករយុវជនមកពីក្លិបបឹងកេត, គិរីវង់សុខសែនជ័យ, ណាហ្គាវើលដ៏, ISI ដង្កោសែនជ័យ, អង្គរថាយហ្គឺរ, និងកីឡាករកូនកាត់ខ្មែរ-វែលសេឡង់ លីម លោកាថុង ដែលកំពុងប្រកបអាជីពជាមួយក្លិប Melville United នៃលីគកំពូលនូវែលសេឡង់ ។
សូមជម្រាបថា ចំពោះបេសកកម្មរបស់ក្រុមជម្រើសជាតិ U20 កម្ពុជា ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុន លោក Gyotoku Koji គឺក្រុមកម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមអ៊ូសបេគីស្ថាន, ប៉ារ៉ែន, នេប៉ាល់, និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដើម្បីធ្វើការប្រកួតប្រជែងស្វែងរកក្រុមខ្លាំងឡើងទៅវគ្គបន្ដ នៃពានរង្វាន់ AFC U-20 Asian Cup 2025 ។
ការប្រកួតបើកឆាកពូល B ក្នុងការស្វែករក ៣ពិន្ទុដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជា គឺប៉ះក្រុមនេប៉ាល មុនប្រកួតទី២ ប៉ះក្រមអ៊ូសបេគីស្ថាន, ទី៣ ប៉ះក្រុមប៉ារ៉ែន និងចុងក្រោយជួបក្រុមម្ចាស់ឆាយនីសតៃប៉ិ ។
ដ្បិតលក្ខខណ្ឌក្នុងវគ្គនេះត្រូវការតែ ១ក្រុមមានពិន្ទុខ្ពស់ជាងគេឈានទៅវគ្គ Final Tournament ដោយស្វ័យប្រវត្តិ ខណៈក្រុមឈរលេខ២ ក្នុងពូលទាំង១០ គឺជ្រើសយកក្រុមឈរលេខ២ មានពិន្ទុខ្ពស់ជាងគេចំនួន ៥ក្រុមយកទៅបង្គ្រប់វគ្គ ១៦ក្រុមជាបន្ត៕

អត្ថបទដែលជាប់ទាក់ទង