ពាក់ព័ន្ធករណីសង្សារប៉ះសង្សារ ដណ្តើមបេះដូងប្រុសម៉ៅ ផ្ទុះហិ..ង្សាដូចភ្នំភ្លើង សម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ ដែលជាសង្សាជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ ដែលជាសង្សាជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ពាក់ព័ន្ធករណីសង្សារប៉ះសង្សារ ដណ្តើមបេះដូងប្រុសម៉ៅ ផ្ទុះហិង្សាដូចភ្នំភ្លើង ។
តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ឈ្មោះ លឹម សុខលាប ភេទស្រី អាយុ ២៤ ឆ្នាំ ជាជនជាតិខ្មែរ ទីកន្លែងកំណើតឃុំកំពង់សិលា ស្រុកកំព ង់សីលា ខេត្តកោះកុង អាសយដ្ឋានមុនពេលឃាត់ខ្លួនស្នាក់នៅខុនដូរស្តារបេជាន់ទី២៥ បន្ទប់លេខ២១៩ ភូមិអូរ២ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរ បុគ្គលិកការស៊ីណូ ។
ជនសង្ស័យត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ហិង្សាដោ យចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចខុនដូរ Parkland ជាន់ទី៨ បន្ទប់លេខC១១ ផ្លូវលេខ១៩២៨ ភូមកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។ មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បានចែងយ៉ាងច្បាស់ថា អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ លាន ទៅ១០ លានរៀល ។ដីកាបង្គាប់ឲ្យភ្នាក់ងារមានសមត្តកិច្ចនៃកង កម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមាន ឈ្មោះ លឹម សុខលាប ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២”ម២ “ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។
គួររំលឹកថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើការឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ពាក់ព័ន្ធករណីហិង្សា ដែលស្ត្រីម្នាក់បានវាយធ្វើបាបស្ត្រីម្នាក់ទៀត ដោយសារតែរឿងស្នេហ៍ត្រីកោណ ដែលមានតួប្រុសជាបុរសមាឌធំស្បែកខ្មៅម្នាក់ ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវករណីនេះភ្លាម ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ លីម សុខលាប ភេទស្រី នៅចំណុចមុខផ្ទះលេខ៣៦B ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ពាក់ព័ន្ធនឹងហិង្សាដោយចេតនា ។ បានប្រព្រឹត្តល្មើសនៅចំណុចខុនដូ Parkland ផ្លូវ១៩២៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។ បើគិតពីថ្ងៃដែលនារីរូបនេះធ្វើសកម្មភាពល្មើស គឺ១ខែគត់គិតត្រឹមពេលបែកធ្លាយនេះ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរស្ត្រីរូបនេះ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
ទាក់ទិនករណីហិង្សានេះ ត្រូវបានប្រភពព័ត៌មានពីសមត្ថកិច្ចបង្ហើបឲ្យដឹងបឋមថា ស្ត្រីឈ្មោះ លឹម សុខលាប អាយុ៣០ឆ្នាំ ជាបុគ្គលិកកាស៊ីណូ«ជីងប៉ី៣» នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ តាមប្រភពថា ស្ត្រីរូបនេះបានស្គាល់ និងមានការទំនាក់ទំនងស្នេហា ឬសង្សារគ្នាជាមួយបុរសជនជាតិស្បែកខ្មៅឈ្មោះ ឆាលី (Chali) អាយុប្រហែល៣៥ ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា ស្នាក់នៅខុនដូParkland ជាន់ទី៨ បន្ទាប់លេខC១១ ផ្លូវលេខ១៩២៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អស់រយៈពេលជាង៣ឆ្នាំមកហើយ ។
ប្រភពដដែលឱ្យដឹងថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១០ព្រឹក នាងបានធ្វើដំណើរចេញពីក្រុងព្រះសីហនុមកកាន់រាជធានីភ្នំពេញ ដើម្បីបើកថ្នាំព្យាបាលជំងឺ និងមកជួបមុខសង្សារបណ្ដូលចិត្តបណ្ដូលពោត និងសាងស្នេហ៍កុំឱ្យភ្លេចមុខគ្នាផង ។
ពេលមកដល់ភ្នំពេញម៉ោងប្រមាណ១២កន្លះយប់ ឈានចូលថ្ងៃទី៩ ខែសីហា ដោយយប់ជ្រៅពេក នាងបានទៅស្នាក់នៅផ្ទះប្អូន ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
លុះដល់ម៉ោង១០ព្រឹក នាងនិងប្អូនស្រីម្នាក់ អាយុប្រហែល២១ឆ្នាំ បាននាំគ្នាជិះម៉ូតូកង់បីចេញទៅជួបសង្សារជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ា ដែលកំពុងស្នាក់នៅខុនដូParkland ជាន់ទី៨ បន្ទប់លេខC១១ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវនោះ ដោយមិនបានប្រាប់ឱ្យដឹងមុននោះទេ ។ ពេលទៅដល់នាងនិងប្អូនស្រី បានឡើងទៅកាន់បន្ធប់សង្សារ និងបានគោះទ្វារ ប៉ុន្តែមិនមានអ្នកណាបើកទ្វារឲ្យចូលទេ ។ ដោយសារឈររង់ចាំយូរពេក ទើបកើតមានការខឹងសម្បា ក៏ធាក់ទ្វារបន្ទប់ខ្លាំងៗ ប្រហែលជាកន្លះម៉ោងក្រោយមក ទើបស្រីម្នាក់បើកគន្លឹះទ្វារបន្ទប់ឲ្យចូល ។
ពេលទ្វារបន្ទប់របើក ខណៈបានឃើញស្ត្រីអ្នកបើកទ្វារនៅក្នុងបន្ទប់សង្សារបណ្តូលចិត្តរបស់ខ្លួន ភ្លើងកំហឹង១០០អង្សា ក៏ផ្ទុះរឿងប្រៀបដូចរថភ្លើងបុកគ្នាលើផ្លូវដែក ឬដូចភ្នំភ្លើងផ្ទុះនៅប្រទេសជប៉ុន ។ ដោយនាងស្ទុះទៅបោចសក់ស្ត្រីនោះ និងរុញឲ្យទៅអង្គុយលើសាឡុង ហើយក៏យកកាំបិតចិតបន្លែមកកាន់នឹងដៃ គំរាមរកចាក់ទៅលើស្ត្រីរូបនោះ ។

ពេលនោះបុរសស្បែកខ្មៅឈ្មោះ ឆាលី ជាសង្សារ ក៏បានចាប់យកកាំបិតចេញ ហើយនាងក៏ស្រវាយកបានកន្ត្រៃដែកដែលនៅក្នុងថតតុចង្ក្រានបាយមួយទៀត មកកាន់ភ្ជង់គំរាមចាក់ទៅលើនារីរូបនោះទៀត តែត្រូវបាននាងរើបម្រះបណ្ដាលឱ្យជ្រុះកន្ត្រៃពីដៃ ។ ឃើញដូច្នោះ នាងជាសង្សារបានស្ទុះទៅយកកាំបិតបុ័ងតោហើយស្រែកសម្លុត និងចាប់បោចសក់អូសចូលទៅក្នុងបន្ទប់ដេករបស់សង្សារ និងលើកកាំបិតបុ័ងតោគំរាមកាប់សម្លាប់ ដោយសារខឹងនឹងនារីរូបនោះដែលហ៊ានលូកថ្លើមដេកជាមួយសង្សារខ្មៅរបស់ខ្លួន ។
មិនតែប៉ុណ្ណោះ នាងបានសម្លុត និងគំរាមបង្ខំឲ្យទារប្រាក់សេវាថ្លៃដេកជាមួយលោកខ្មៅសង្សារ និងឈប់ឲ្យទាក់ទង ប៉ុន្តែនារីរូបនោះមិនព្រមទារប្រាក់ពីបុរសស្នេហ៍ស្បែកខ្មៅនោះទេ “ពោលគឺនាងក៏ចាត់ទុកជនជាតិស្បែកខ្មៅជាសង្សារដែរ” នាងមិនមែនជាស្រីបម្រើផ្លូវភេទទេ មានន័យថា ស្ត្រីទាំង២នាក់ជាសង្សារជនស្បែកខ្មៅដូចគ្នា ។ ដូច្នេះហិង្សាដែលកើតឡើងនេះ ប្រាកដណាស់គឺសង្សារប៉ះសង្សារ ជាន់លេខរៀងគ្នា ប្រៀបដូចភ្នំមួយមិនអាចមានខ្លាពីរ ។ តែទោះជាយ៉ាងណាក្តីស្ត្រីឈ្មោះ លឹម សុខលាប ដែលប្រើហិង្សា ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ដែរថា សកម្មភាពប្រទូស្តរ៉ាយដោយកំហឹងរវាងស្ត្រីស្នេហ៍ប្រុសម៉ៅនេះ គឺបានថតបង្ហោះពីប្អូនស្រីរបស់ជនសង្ស័យឈ្មោះ លឹម សុខលាប គឺបង្ហោះតាមTik Tok កាលពីថ្ងៃ៨ សីហា ទើបមានការភ្ញាក់ផ្អើលពីជម្លោះស្នេហ៍ត្រីកោណនេះ ៕

អត្ថបទដែលជាប់ទាក់ទង