រឿងតូចសោះ! គប់កំប៉ុងស្រាបៀរដាក់គ្នា បើកឆាកប្រយុទ្ធគ្នា ស៊ីសាច់ហុតឈាម កម្មករសំណង់ ២ក្រុម ដែលម្ខាងមានគ្នា៣នាក់ ដៃទទេ និងម្ខាងទៀត មានគ្នា៥នាក់ ប្រដាប់ដោយកូនកាំបិតក្នុងដៃ បណ្ដាលឲ្យក្រុមអ្នកដៃទទេ រងរបួសធ្លាយពោះ២នាក់

ភ្នំពេញ ៖ ឆាកប្រយុទ្ធគ្នានោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពី យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ តាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
កម្មករសំណង់ ២ក្រុម ដែលម្ខាងមានគ្នា៣នាក់ ដៃទទេ និងម្ខាងទៀត មានគ្នា៥នាក់ ប្រដាប់ដោយកូនកាំបិតក្នុងដៃ បានបើកឆាកប្រយុទ្ធគ្នា ស៊ីសាច់ហុតឈាម បណ្ដាលឲ្យក្រុមអ្នកដៃទទេ រងរបួសធ្លាយពោះ២នាក់ និងហៅម៉ូតូកង់បី ជិះទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះបន្ទាន់ដោយខ្លួនឯងទាំងយប់។ បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសាក់សំពៅ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចេញអន្តរាគមន៍ ធ្វើការស្រាវជ្រាវភ្លាម ហើយ១ថ្ងៃក្រោយ មកទើបឈានដល់ការឃាត់ខ្លួនក្រុមជនដៃដល់ បានទាំង៥នាក់ តែម្ដង ។
យុវជន ដែលរងរបួសមានចំនួន២នាក់ រួមមាន ៖
ទី១,ឈ្មោះ ហោន ភារុំ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកើតហេតុត្រូវចំពោះចំនួន២កាំបិតរងរបួសធ្ងន់ធ្ងរ ។
ទី២,ឈ្មោះ រឿន រាជ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ ត្រូវ១កាំបិតចំពោះរងរបួសធ្ងន់ធ្ងរ ។
ដោយឡែកជនដៃដល់ ចំនួន៥នាក់ រួមមាន ៖
១,ឈ្មោះ ខាន់ សុខហេង អាយុ១៨ឆ្នាំ
២,ឈ្មោះ ប៉ូវ ប៉ោត អាយុ៤៣ឆ្នាំ
៣,ឈ្មោះផន វិច្ឆិកា អាយុ៣៣ឆ្នាំ
៤,ឈ្មោះ ផល្លា ត្រឺ អាយុ២៩ឆ្នាំ
៥,ឈ្មោះ អ៊ូច សារឿន អាយុ៤២ឆ្នាំ ។
ជនដៃដល់ទាំង៥នាក់នេះ មានមុខរបរជាកម្មករសំណង់ និងមានទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលជាភូមិកើតហេតុខាងលើ ។
ក្រោយសម្រាកពីការងារជនរងគ្រោះមានគ្នា៣នាក់ បានទិញស្រាបៀរ១កេស នាំគ្នាផឹកស៊ីជុំគ្នានៅកន្លែងធ្វើការ ស្ថិតនៅភូមិកើតហេតុខាងលើ។ រហូតដល់វេលាម៉ោង៨និង៥០នាទីយប់ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះឈ្មោះ រឿន រាជ ត្រូវបានប្រពន្ធ ទូរសព្ទហៅឲ្យត្រលប់ទៅផ្ទះ ហើយក៏បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ១គ្រឿងចេញទៅ។ ពេលចេញផុតពីកន្លែងផឹក ទៅដល់ត្រង់ចំណុចផ្ទះគ្មានលេខ មួយកន្លែង ស្ថិតនៅក្នុងភូមិនោះដែរ ក៏ត្រូវបានក្រុមជនដៃដល់ ដែលកំពុងផឹកស៊ីនៅទីនោះ យកកំប៉ុងស្រាបៀរគប់បណ្ដាលឲ្យត្រូវជើង ។
នគរបាលដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះឈ្មោះ រឿន រាជ មិនបានត្រលប់ទៅប្រាប់គ្នីគ្នាភ្លាមៗនោះទេ រហូតដល់វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល ទើបជិះម៉ូតូត្រលប់ទៅប្រាប់គ្នារបស់ខ្លួនវិញថា ពេលខ្លួនជិះម៉ូតូទៅតាមផ្លូវមានគេគប់កំប៉ុងស្រាបៀរ ត្រូវជើង។ ពេលបានឮភ្លាម ឈ្មោះ ហោន ភារុំ ក៏បាននិយាយថា ចាំរូបគាត់ទៅសួរនាំឲ្យ រួចក៏បានជិះម៉ូតូចេញទៅមុន ចំណែក ជនរងគ្រោះឈ្មោះ រឿន រាជ ជិះម៉ូតូចេញទៅតាមក្រោយ ហើយឈ្មោះ រឿន រាម ដែលត្រូវជាបងប្អូនបង្កើត ក៏បានជិះម៉ូតូ ១គ្រឿង ទៅតាមក្រោយដែរ ។
នគរបាលបានបញ្ជាក់ប្រាប់ថា ពេលទៅដល់ ក៏បានសួរនាំជនដៃដល់ ទាំង៥នាក់ ដែលកំពុងអង្គុយផឹកស៊ីជុំគ្នា ពីមូលហេតុដែលគប់កំប៉ុងស្រាបៀរចំជើងនោះ ក៏បានបង្កឲ្យមានទំនាស់ វាយតប់គ្នាកើតឡើង។ ពេលនោះ ជនសង្ស័យឈ្មោះ អ៊ូច សារឿន (ម្ចាស់ផ្ទះ) បានយកកូនកាំបិត ចិតបន្លែ ចាក់ទៅលើជនរងគ្រោះឈ្មោះ ហោន ភារុំ ចំនួន០២កូនកាំបិត ត្រូវចំពោះរងរបួសធ្ងន់ ។ ចំណែកជនរងគ្រោះ ឈ្មោះ រឿន រាជ និងឈ្មោះ រឿន រាម បានចូលទៅជួយក៏ត្រូវជនសង្ស័យឈ្មោះ អ៊ូច សារឿន ចាក់ត្រូវចំពោះជនរងគ្រោះឈ្មោះ រឿន រាជ ម្នាក់ទៀតចំនួន០១ កូនកាំបិតរងរបួសធ្ងន់ទៀត ។
នគរបាលបានរៀបរាប់ប្រប់ថា ចំណែកឈ្មោះ រឿន រាមត្រូវបានក្រុមជនសង្ស័យទាំង០៥នាក់ ព្រួតគ្នាវាយប៉ុន្តែមិនបណ្ដាលឲ្យមានរបួសទេ បន្ទាប់មកជនរងគ្រោះ ក៏បាននាំគ្នារត់គេចខ្លួន បានចំងាយប្រមាណ១០០ម៉ែត្រ បានហៅម៉ូតូកង់បី ដឹកទៅកាន់មន្ទីរពេទ្យរុស្សី ដើម្បីព្យាយបាលរបួសសង្គ្រោះបន្ទាន់ដោយខ្លួនឯង។ ខណៈនោះបង្កឲ្យមានការភ្ញាក់ផ្អើល ហើយអ្នកជិតខាងបានទូរសព្ទរាយការណ៍ប្រាប់នគរបាលរដ្ឋបាលប៉ុស្តិ៍សាក់សំពៅ ឲ្យជួយអន្តរាគមន៍ ហើយនគរបាលបានស្រាវជ្រាវទាំងយប់។ រហូតដល់វេលាម៉ោង០៥ល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ទើបឃាត់ខ្លួនជនដៃដល់ បានជាបន្តបន្ទាប់ រួចនាំទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង