នេះឬជីវិត! កូនសន្លប់ស្ដូកស្ដឹង ម្តាយទុកកូនចោលអត់មើល ហើយក៏អត់និយាយស្ដីរកនរណាទាំងអស់ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជន

ភ្នំពេញ ៖ ហេតុការណ៍នោះបានកើតឡើងកាលពី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអាកាសថ្មើរជើង មុខផ្សារជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីម្នាក់បានជិះរថយន្តតាក់សុី១គ្រឿង ធ្វើដំណើរចេញពីខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ រួចបានឲ្យអ្នកបើករថយន្តតាក់សុីនោះជូននាងបន្តទៅកាន់ខេត្តកំពង់ធំ ប៉ុន្តែដោយសារតែនាងគ្មានប្រាក់ ទើបអ្នកបើករថយន្តទម្លាក់ចោល ។ ចំណែកឯកូនប្រុសរបស់នាងម្នាក់អាយុប្រមាណ៧ឆ្នាំ ពុំដឹងថាមានជម្ងឺអ្វីនោះទេបានសន្លប់ស្ដូកស្ដឹង ហើយនាងបានទុកកូនចោលអត់មើលឡើយ ភ្លាមៗនោះនាងក៏អត់និយាយស្ដីរកនរណាទាំងអស់ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ។

ក្រោយពីកម្លាំងប្រជាការពារធ្វើការលួងលោមសួរនាំ ទើបស្ត្រីនោះប្រាប់ថា នាងឈ្មោះ សុខ កេន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិទឹកជល ឃុំត្រាំងយឺម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ បន្ទាប់មកក៏លែងនិយាយអ្វីទាំងអស់ ពុំដឹងថានាងមានបញ្ហាអ្វីកើតឡើងនោះទេ ហើយសូម្បីតែកូនសន្លប់រហូតដល់បញ្ជូនទៅសង្គ្រោះបន្ទាន់ហើយក្ដី ក៏នាងអត់ខ្ចីខ្វល់មើលឬខ្លាចកូនស្លាប់ឡើយ ។

នៅមុនពេលកើតហេតុស្ត្រីរូបនោះបានជិះរថយន្ត១គ្រឿងម៉ាកឡិចសុីRX-330 មិនចាំស្លាកលេខជារថយន្តឈ្នួល ហើយឮថាជិះចេញពីខេត្តព្រះសីហនុ ។ ពេលដល់គោលដៅត្រូវចុះនៅក្រោមស្ពានអាកាសថ្មើរជើងមុខផ្សារជម្ពូវ័ន បានប្រាប់ឲ្យអ្នករថយន្តឈ្នះលនោះដឹកនាងបន្តដំណើរទៅកាន់ខេត្តកំពង់ធំទៀត ។ ខណៈនោះអ្នកបើករថយន្តឈ្នួលបានប្រាប់ថាគាត់អត់ទៅខេត្តកំពង់ធំនោះទេ ព្រោះគាត់រត់ទៅមកតែភ្នំពេញ – ខេត្តព្រះសីហនុប៉ុណ្ណោះ រួចក៏បានទារលុយពីនាង ប៉ុន្តែនាងគ្មានលុយឲ្យឡើយ ទើបម្ចាស់រថយន្តឈ្នួលសម្រេចទម្លាក់នាងនិងកូនប្រុសអាយុប្រមាណ៧ឆ្នាំចោលនៅទីនោះរួចបើករថយន្តទៅបាត់តែម្ដង។
ប្រជាការពារខាងលើបានប្រាប់ឲ្យដឹងបន្តថា ខណៈនោះនាងបានដាក់កូនប្រុសឲ្យដេកលើដីចោលអត់ខ្ចីខ្វល់មើលនោះទេ ពេលឃើញដូចនេះ អ្នកស្ថិតនៅក្បែរនោះបានចូលទៅសាកសួរ ប៉ុន្តែពុំថានាងមានបញ្ហាអ្វី ឬ វិបត្តិអ្វីនោះនោះ ទោះសួរយ៉ាងណាក៏មិនព្រមឆ្លើយដែរ នាងធ្វើហាក់ដូចជាមនុស្សសសៃប្រសាទដូច្នោះដែរ ។ បន្ទាប់មកអ្នកជិតនោះក៏បាននាំគ្នាលើកកូនប្រុសរបស់នាងដាក់លើបង់ជួយសង្គ្រោះបឋម រួចបានដឹកតាមម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលឡាំ ប៊ុនថន ហើយនាងបានអង្គុយធ្មឹងនឹងថ្កល់មួយកន្លែងអត់ទៅមើលកូនឡើយ ។
ក្រោយមកពួកគាត់(ប្រជាការពារ)បាននាំគ្នាធ្វើការលួងលោមជជីកសួរយ៉ាងខ្លាំង ទើបស្ត្រីនោះព្រមប្រាប់ឈ្មោះនិងស្រុកកំណើត ប៉ុន្តែមិនបានប្រាប់ពីមូលហេតុផ្សេងៗទៀតនោះឡើយ និយាយរួមគឺអត់និយាយស្ដីបន្តទៀតទេ ។ បន្ទាប់មកក៏ព្រមទៅមើលកូននៅឯមន្ទីរពហុព្យាបាលឡាំ ប៊ុនថន ចំណែកឯក្រុមអាជីវករផ្សារជម្ពូនវ័នឯណោះវិញ ឃើញបែបនេះ ក៏បានរៃលុយគ្នាបានមួយចំនួន ឲ្យទៅស្ត្រីនោះ ។ បន្ទាប់មកទៀត ដោយសារតែកូនប្រុសរបស់នាងទើបអាយុ៧ឆ្នាំ ហើយពុំដឹងថាមានជំងឺអ្វីឲ្យប្រាកដនោះ ទើបរួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាវិញ ៕

អត្ថបទដែលជាប់ទាក់ទង