សមត្ថកិច្ចនគរបាលបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនបងប្អូន ប្រជាពលរដ្ឋនាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្យ ប្រពៃណីជាតិខ្មែរ

បាត់ដំបង ៖ ចាប់ពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅប្រជាពលរដ្ឋខ្មែរដែលមានជំនឿខាងព្រះពុទ្ធសាសនា បានរៀប ចំខ្លួនអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌពីវេនទី០១ រហូតទៅដល់ថ្ងៃភ្ជុំបិណ្ឌ ទាំងនៅទីជិតនិងទីឆ្ងាយ ទៅតាមគោល បំណងនិងសទ្ធាជ្រះថ្លារៀងៗខ្លួន។

ក្នុងអំឡុងពេលនេះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរៀបចំកងកម្លាំងនគរបាលទូទាំងខេត្តសហការជាមួយកងប្រជាការពារសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៅគ្រប់មូលដ្ឋានរក្សាសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់របៀបរៀបរយនៅតាមទីអារាមនិងទីសាធារណៈផ្សេងៗទៀតដែលជាគោលដៅសម្រាប់ការអញ្ជើញទៅធ្វើបុណ្យនិង ទស្សនាកំសាន្ត សប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ បានប្រកប ដោយសេចក្តីសុខ និងសុវត្ថិភាពល្អ ។
ទន្ទឹមនេះក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មុនពេលធ្វើដំណើរចាកចេញពីលំនៅដ្ឋានទៅកាន់ទីជិតឬទីឆ្ងាយសូមមេត្តាពិនិត្យឱ្យបានច្បាស់លាស់នូវភ្លើងទៀន ភ្លើងធូប និងភ្លើងជើងក្រាន ក៏ដូចចរន្តអគ្គិសនីជាដើម ដើម្បីចៀសវាងនូវករណីគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ ដែលនាំបង្កទៅដល់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិឬអាយុជីវិត ។
ម៉្យាងវិញទៀត ក៏សូមអំពាវនាវដល់បងប្អូនមេត្តា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានត្រឹមត្រូវ ក្នុងពេលធ្វើដំណើរទៅទីជិត ឬទីឆ្ងាយ ហើយក្នុងករណីមានបញ្ហាណាមួយទាក់ទងនឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម សូមមេត្តាធ្វើការទំនាក់ទំនងមកកាន់សមត្ថកិច្ចនគរបាលដែលនៅជិតបំផុត ឬទំនាក់ទំនងមកលេខទូរស័ព្ទដែលបានផ្សព្វផ្សាយជាប់ជាប្រចាំនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបានត្រៀមលក្ខណៈគ្រប់គ្រាន់ទាំងកម្លាំង សម្ភារៈ មធ្យោបាយ ជួយអន្តរាគមន៍និងដោះស្រាយជូនទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង