ឃុំចំនួនពីរ នៅភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ហើយផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង បានរងផលប៉ះពាល់ ប៉ុន្តែកងកម្លាំងសមត្ថកិច្ច បានជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព

ខេត្តមណ្ឌលគិរី ៖ ជំនន់ទឹកភ្លៀង បានជន់ឡើងនៅវេលាទៀបភ្លឺ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើឲ្យប៉ះពាល់ដល់ឃុំមេម៉ង់ និងឃុំចុងផ្លាស់ ដែលឃុំទាំងពីរស្ថិតនៅក្បែរគ្នា។ ក្នុងនោះ ឃុំមេម៉ង មានការជន់លិចផ្ទះសម្បែងពលរដ្ឋប្រមាណ ៥ទៅ៦ភូមិ ចំណែកឃុំចុងផ្លាស់ ប៉ះពាល់ប្រមាណ ២ភូមិ។ ក្នុងករណីនេះ កម្លាំងសមត្ថកិច្ចក្នុងតំបន់ បានធ្វើការជម្លៀសពលរដ្ឋ ទៅកាន់តំបន់មានសុវត្ថិភាពហើយ ។
យោងតាមប្រភពពីពលរដ្ឋក្នុងតំបន់ជនលិច បានបញ្ជាក់ថា ផ្នែកខ្លះ នៃឃុំទាំងពីរ កំពុងជនលិចខ្លាំង គឺទឹកបានហក់ឡើងខ្ពស់ រហូតកន្លែងខ្លះត្រឹមទ្រូង ឬឡើងខ្ពស់ផុតក្បាលទៅទៀត។ ផ្លូវសំខាន់ៗ ដើម្បីធ្វើដំណើរពីទីរួមខេត្តទៅកាន់ឃុំមេម៉ង់ បានជនលិចខ្លាំងនៅពេលព្រឹក ត្រង់ចំណុចអូរឆាង ប៉ុន្តែគិតរហូតដល់ថ្ងៃត្រង់ ទឹកបានស្រកទៅវិញបន្តិច រថយន្តអាចធ្វើដំណើរបាន ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានកោតសរសើរ និងអរគុណដល់លោកមេប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាលទាំងអស់ នៃស្រុកកែវសីមា ដែលបានស្ម័គ្រចិត្តចុះជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលជាប់គាំង និងលេចលង់ដោយគ្រោះទឹកជំនន់ ។ ចំពោះឃុំទាំងពីរ ជារៀងរាល់ឆ្នាំ តែងប្រឈមនឹងជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័ស ប៉ុន្តែប្រសិនបើរាំងភ្លៀង ទឹកក៏ឆាប់ស្រក់ទៅវិញ លឿនផងដែរ ។
ជាទូទៅភូមិសាស្ត្រឃុំទាំងពីរ ត្បិតមិនស្ថិតជាប់ដងទន្លេ ប៉ុន្តែមានខ្សែអូរជាច្រើន ដែលធ្វើឲ្យស្ថានភាពទឹកហក់ឡើងពីអូរទាំងនោះ បណ្ដាលឲ្យជនលិច ៕

អត្ថបទដែលជាប់ទាក់ទង