តារាកំប្លែងនាយ ពែក មី ជួបរឿងស៊យ ប៉ុន្តែបានទារសំណងពីខាងភាគីរថយន្តបង្ក ត្រឹមតែ៦០០ដុល្លារ ទើបត្រូវរ៉ូវគ្នា ក្នុងតម្លៃ ៤០០ដុល្លារ

ភ្នំពេញ ៖ នៅ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅតាមមហាវិថីឈ្នះឈ្នះ ហៅផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុខខាងត្បូងផ្លូវរថភ្លើងខ្សែ ភ្នំពេញ-បាត់ដំបង កែងផ្លូវបង្គោលភ្លើង ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តារាកំប្លែងល្បីនាយ ពែក មី បានជួបរឿងស៊យទាំងព្រឹក ខណៈពេលដែលលោកនិងក្រុមការងារសិល្បៈ ចេញទៅថតសម្ដែង នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្រាប់តែមានរថយន្តធុនធំ ដឹកឈើ និងក្ដារបន្ទះរបស់ក្រុមហ៊ុនចិន ១គ្រឿង មិនដឹងជាប្រញាប់ទៅណានោះទេ បានបើកបរលឿន វ៉ាជែងខាងឆ្វេងរថយន្តម៉ាកឡិចស៊ីស LX-570 KURO របស់លោក ហើយរថយន្តធំនោះ គេចជង្ហុក ធ្វើឲ្យកន្ទុយរ៉ឺម៉កវ័ធកៀរត្រូវរថយន្តរបស់នាយ បណ្ដាលឲ្យបែកចង្កៀង ក្រពឹតថ្ពាល់ និងឆ្កូតកាងមុខ រួចរថយន្តបង្ក ព្យាយាមបើករត់ថែមទៀត ប៉ុន្តែត្រូវក្រុមការងាររបស់នាយ ពែក មី ដេញតាមឃាត់បាន ។
នៅមុនពេលកើតហេតុ មានរថយន្តម៉ាកឡិចស៊ីស LX-570 KURO ១គ្រឿងពណ៍ខ្មៅ ពាក់ស្លាកលេខកម្ពុជា PEKMI 007 ដែលជារថយន្តរបស់តារាកំប្លែងនាយ ពែក មី បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ប៉ុន្តែគាត់ និងប្រពន្ធមិនបានស្ថិតនៅក្នុងរថយន្តនេះទេ គឺជិះរថយន្តផ្សេង ហើយរថយន្តនេះ ដឹកតួសម្ដែងក្រុមរបស់គាត់ ។
នាយ ពែក មី និងក្រុមរបស់គាត់ បានទៅថតសម្ដែង នៅជិតបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតនៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ ១គ្រឿង ម៉ាកហ៊ីណូ ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8112 បើកបរស្របគ្នាទៅពីក្រោយ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មក បានវ៉ាជែងខាងឆ្វេងរថយន្តនាយ ពែក មី ហើយពេលវ៉ា ជិតផុតបានគេចជង្ហុក ធ្វើឲ្យកន្ទុយរ៉ឺម៉ករថយន្តធុនធំនោះ វ័ធកៀររថយន្តនាយពែក មី បែកចង្កៀង និងក្រពឹតថ្ពាល់ខាងឆ្វេងយ៉ាងដំណំ។ ពេលនោះ រថយន្តបង្កមិនបានឈប់ដោះស្រាយ និងទទួលខុសត្រូវនោះទេ អ្នកបើកបរ បែរជាបន្ថែមល្បឿន កាន់តែលឿន ព្យាយាមរត់គេចេញពីកន្លែងកើតហេតុ ប៉ុន្តែភ្លាមៗនោះ ក្រុមនាយ ពែក មី បាននាំគ្នាដេញតាម ។
ប្រភពដដែល បានបញ្ជាក់ប្រាប់បន្ថែមទៀតថា រហូតដល់ត្រង់ចំណុចខាងត្បូងផ្លូវរថភ្លើងខ្សែ ភ្នំពេញ-កំពត ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទើបឃាត់រថយន្តបង្កនោះបាន បន្ទាប់មក នាយ ពែក មី និងក្រុមរបស់គាត់បានចាកចេញទៅថតសម្ដែងតាមផែនការ ដោយទុកអ្នកបើកបររថយន្ត និងតំណាងមួយចំនួន នៅចាំដោះស្រាយ។ ចំណែកនគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅកាន់ទីនោះភ្លាមៗផងដែរ ហើយបើតាមតំណាងនាយ ពែក មី បាននិយាយថា តម្លៃនៃការជួសជុលរថយន្ត ៥៧០នោះ អស់ជាង១ពាន់ដុល្លារ ប៉ុន្តែនាយ ពែក មី បានទារសំណងពីខាងភាគីរថយន្តបង្ក ត្រឹមតែ៦០០ដុល្លារប៉ុណ្ណោះ ។
សមត្ថកិច្ចបានប្រាប់ថា ការដោះស្រាយគ្នា តាំងពីក្រោយពេលកើតហេតុ រហូតដល់វេលាថ្ងៃត្រង់ថ្ងៃដដែលនោះ ទើបត្រូវរ៉ូវគ្នា ក្នុងតម្លៃ ៤០០ដុល្លារ ហើយភាគីទាំង២ ក៏បានបញ្ចប់រឿងគ្រប់យ៉ាង ៕

អត្ថបទដែលជាប់ទាក់ទង