ដំណឹងដ៏ក្រៀមក្រំសោកសៅ នៅក្នុងរង្វង់សិល្បៈថៃ ក៏ដូចជា អ្នកនិយមតាមដានទស្សនារឿងភាគថៃ ចំពោះការបាត់បង់តារាសម្ដែងប្រុសឆ្នើមជួរមុខ

ថៃ ៖ ជាដំណឹងដ៏ក្រៀមក្រំសោកសៅ នៅក្នុងរង្វង់សិល្បៈថៃ ក៏ដូចជា អ្នកនិយមតាមដានទស្សនារឿងភាគថៃ ចំពោះការបាត់បង់តារាសម្ដែងប្រុសឆ្នើមជួរមុខប្រចាំប៉ុស្តិ៍លេខ៧ គឺលោក Aom Akkaphan នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។
បើយោងតាមការប្រកាស នៅលើផេកហ្វេសបុក ផ្លូវការរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៧ តារាប្រុសAkkapan Namart ដែលមានឈ្មោះហៅក្រៅថា Aom គាត់បានពិនិត្យរកឃើញជំងឺមហារីក នៅក្នុងសាច់ដុំបេះដូង កាលពីឆ្នាំ២០២២ ហើយបានទទួលការវះកាត់ និងព្យាបាលដោយថ្នាំគីមី នៅខែមករា ឆ្នាំ២០២៣ ។
សារព័ត៌មានខៅសធ បានបញ្ជាក់ថា កាលពី៤ ខែមុន លោក Aom Akkaphan ទើបតែបង្ហាញខ្លួនជាសារធារណៈ និងប្រកាសឱ្យគាំទ្ររង់ចាំទស្សនារឿងភាគថ្មីរបស់លោក ក្រោយពីបាត់មុខជាង១ឆ្នាំ ដោយបញ្ជាក់ថា លោកបានធូរស្បើយពីជំងឺហើយ ប៉ុន្តែមិននឹកស្មានឡើយថា នៅថ្ងៃទី២២ កញ្ញា ក្រុមអ្នកគាំទ្របែរជាត្រូវខកចិត្ត ក្រោយពីទទួលបានដំណឹងដ៏សោកសៅដែលមានន័យថា ចាប់ពីពេលនេះតទៅគ្រប់គ្នាលែងបានឃើញស្នាដៃសម្តែងរបស់តួឯកប្រុសរូបនេះតទៅទៀតហើយ ។
លោក«Ao » Akkapan កើតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៥ និងបានទទួលមរណភាព នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។ ប៉ុស្តិ៍លេខ៧ ដែលជាទ្រនំជ្រកកោន របស់តួឯកប្រុសរូបនេះបានរៀបរាប់ថា ក្រៅពីការលាចាកលោក លោក Aom Akkaphan បានបន្សល់ទុកនូវស្នាដៃនៃការសម្ដែងរឿងភាគល្បីៗដូចជា វីរៈបុរសឥន្ទ្រីក្រហម អាថ័នត្រៃភព របាំលោហិត មរតកបង្កប់ស្នេហ៍ កាពីទែនកំពូលស្នេហ៍ ចំណងស្នេហ៍ទ្វេភព ស្រមោលបុណ្យ ខ្លាបញ្ជាមេឃ…។
ភាពយន្តដែលលោកសម្តែង សុទ្ធតែទទួលបានប្រជាប្រិយភាពដែលធ្វើឱ្យលោកឈ្នះពានរង្វាន់ជាច្រើនបន្តបន្ទាប់ ក្នុងនាមជាតួសម្តែងឆ្នើមលំដាប់ប្រទេស ។ អ្នកនាង ហ្គីតា ជាមិត្តជិតស្និតរបស់តួឯកប្រុសរូបនេះដែលតែងតែបង្ហើបព័ត៌មាននានា ជុំវិញស្ថានភាពសុខភាពរបស់ Aom បានបង្ហោះតាមគណនីហ្វេសបុករបស់ខ្លួន ជាមួយទាំងរំលែកទុក្ខយ៉ាងដូច្នេះថា «គាត់លែងនឿយហត់ទៀតហើយ គាត់នឹងនៅក្នុងចិត្តខ្ញុំជារៀងរហូត» ខ្ញុំមិនថា ត្រូវសរសេរពាក្យអ្វីនោះទេ ខ្ញុំពិតជាមានអារម្មណ៍សោកសៅណាស់ យើងមិនទាន់បានទៅដើរលេងជាមួយគ្នាទេ យើងនៅមានគម្រោងទៅកន្លែងជាច្រើនទៀត ។
ក្នុងជីវិតនេះ គ្រប់គ្នាបាននិយាយថា បុរសម្នាក់ គឺជាមនុស្សដែលតែងតែផ្តល់ក្តី ស្រលាញ់និងយកចិត្តទុកដាក់បំផុតដល់មនុស្សជុំវិញខ្លួន ។ អរគុណសម្រាប់ទង្វើដ៏ល្អរបស់អ្នក ដែលធ្វើអោយគ្រប់គ្នា មានស្នាមញញឹម និងសុភមង្គល» បន្ថែមលើនេះ ក្រុមអ្នកគាំទ្រទាំងក្នុងប្រទេសថៃ និងកម្ពុជា បាននាំគ្នាបង្ហោះសាររំលែកមរណទុក្ខ និងរូបថតចុងក្រោយរបស់លោក Aom Akkapan ដែលពួកគេបានថតជាមួយលោកនៅក្នុងព្រឹត្តិការណ៍មួយកាលពីខែឧសភា ឆ្នាំនេះ មុនពេលទទួលមរណភាពក្នុងអាយុ៣៩ឆ្នាំ ដែលធ្វើឱ្យពួកគេរំជួលចិត្តនិងសោកស្ដាយយ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង