សម្ដេចមហាបវរធិបតី លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ជាពិសេសខេត្តភាគឦសាន

នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅវិមានសន្ដិភាព

ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលនេះជាការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកសាងផ្លូវក្រវាត់ព្រំដែន។ សម្ដេចធិបតីបានគូសបញ្ជាក់ជូនគណៈប្រតិភូសមាគមថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន, ការដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ចដល់ប្រជាជនដែលខ្វះដីពិតប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដេីម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចាជាមួយប្រទេសជិតខាងលើកិច្ចការបោះបង្គោលព្រំដែន។

ទន្ទឹមនេះ សម្ដេចធិបតីក៏បានអរគុណចំពោះវិស័យឯកជន ក៏ដូចជា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលតែងមានភាពជឿជាក់ និងទំនុកចិត្ត ក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតីក៏បានគូសបញ្ជាក់ថា វិស័យឯកជនជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង ការបង្កើតការងារ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តរក្សានូវសន្ដិភាព, ស្ថិរភាពនយោបាយ និងការបង្កើតនូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងអំណោយផល សម្រាប់វិនិយោគិន។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពថែមទៀតដើម្បីបណ្ដាក់ទុនវិនិយោគនៅតាមបណ្ដាខេត្តជាប់ព្រំដែន, ជាពិសេសខេត្តភាគឦសាន ៕

អត្ថបទដែលជាប់ទាក់ទង