រថយន្តមួយគ្រឿង បើកយ៉ាងលឿន ជ្រុលចង្កូតទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ នឹងស្លាកចរាចរណ៍ បណ្តាលឲ្យក្រឡាប់ផ្ងារជេីង

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវតំបន់ អភិវឌ្ឍន៍បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង មានរថយន្តម៉ាក Toyota Prius មួយគ្រឿងបានបេីកបរយ៉ាងលឿន ជ្រុលចង្កូតទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ នឹងស្លាកចរាចរណ៍ បណ្តាលឲ្យក្រឡាប់ផ្ងារជេីងទ្រមេឃ និងរងការខូចខាតយ៉ាងដំណំ ។

មុនកេីតហេតុ គឺមានភ្លៀងធ្លាក់ជាខ្លាំង និងមានទឹកដក់ជាច្រេីនផងដែរ គ្រានោះស្រាប់តែមានរថយន្តម៉ាក Toyota Prius ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BV-5480 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវតំបន់អភិវឌ្ឍន៍បឹងកក់ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈបេីកមកដល់ចំណុចកេីតហេតុ ស្រាប់តែជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ នឹងស្លាក ចរាចរណ៍ បណ្តាលឲ្យរងការខូចខាត ។ ដោយឡែករថយន្តបង្កវិញបានក្រឡាប់ផ្ងារជេីងទ្រមេឃរងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះគេឃេីញអ្នកបេីកបរបានលូនចេញពីក្នុងរថយន្ត បង្កផងដែរ ដោយមិនបង្កឲ្យគ្រោះថ្នាក់អ្វីនោះទេ ។

ក្រោយពេលកេីតហេតុ ដោយទីតាំងនេះ ជាតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន ទេីបម្ចាស់រថយន្តបង្កធ្វេីការសំរបសំរួលជាមួយ តំណាងក្រុមហ៊ុនខាងលើដេីម្បីចេញថ្លៃខូចខាតទាំងស្រុង និងទាក់ទងរថយន្តស្ទួចឲ្យមកជួយស្ទួចយករថយន្តបង្ករបស់ខ្លួនយកទៅជួសជុលខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង