ខេត្តកែប អបអរសាទរការប្រារព្ធកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

(កែប)៖ កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ការប្រារព្ធពិធីរត់ភ្លើងគប់អបអរសាទរ នឹងប្រព្រឹត្តទៅនៅតាមបណ្តាខេត្តមួយចំនួន។
សម្រាប់ខេត្តកែប ប្រារព្ធពិធីនាថ្ងៃ០៥ ខែតុលា ឆ្នាំ២០២៤
*សម្រាប់ខេត្តព្រះសីហនុ នឹងប្រារព្ធពិធីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤
*សម្រាប់ខេត្តកំពង់ឆ្នាំង នឹងប្រារព្ធពិធីនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤
*សម្រាប់ខេត្តស្វាយរៀង នឹងប្រារព្ធពិធីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤
*សម្រាប់ខេត្តកណ្តាល នឹងប្រារព្ធពិធីនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ចេញដំណើរពីទីកន្លែងប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រែកជីហ្វូណនតេជោ មកបញ្ចប់នៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក។
ថ្លែងក្នុងពិធីជួបជុំរត់ភ្លើងគប់ នៅបរិវេណសួនច្បារខ្ញុំស្រឡាញ់ខេត្តកែប, លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចាត់ទុកថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រារព្ធពិធីបើក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ដោយឡែកការប្រារព្ធពិធីបិទការប្រកួត ធ្វើឡើងក្រោមអអធិបតីភាពលោកមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
លោកអភិបាលខេត្តកែប បន្ថែមថា ខេត្តកែប ក៏បានរៀបចំក្រុមកីឡាចំនួន១៣ប្រភេទ មាន៥៦វិញ្ញាសាប្រកួត រួមមាន៖ ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិក សរុបចំនួន ១០៦នាក់ ក្នុងនោះមាន កីឡាជាតិលើកទី៤ ចំនួន ០៩ប្រភេទកីឡា មាន៤២វិញ្ញាសាប្រកួត មានគ្រូបង្វឹក គ្រូដឹកនាំ និងអត្តពលិក សរុបចំនួន ៨០នាក់ ស្រី២២នាក់ និងកីឡាជាតិជនពិការលើកទី២ មាន ០៤ប្រភេទកីឡា មាន១៤វិញ្ញាសាប្រកួត មានគ្រូបង្វឹក គ្រូដឹកនាំ និងអត្តពលិកសរុបចំនួន ១៩នាក់ ស្រី ០៦នាក់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ នាឆ្នាំ២០២៤ នេះផងដែរ។
ខេត្តកែប ជាខេត្តដំបូងគេនៃការរត់ភ្លើងគប់នេះ ដើម្បីឃោសនាអប់រំផ្សព្វផ្សាយបញ្ជ្រាបទៅក្នុងយុទ្ធនាការខ្លឹមសារសំខាន់ៗចំនួន៥ រួមមាន៖
*ទី១៖ កីឡារស់ក្នុងសន្តិភាព
*ទី២៖ ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត
*ទី៣៖ កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី
*ទី៤៖ កីឡាបៃតង កីឡាស្អាតស្អំ
*ទី៥៖ កីឡាគ្មានសារធាតុដូប៉ា-ដូពីង។
ឱកាសនោះលោក កែវ ប៊ុនខៀវ រដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ ឆ្នាំ២០២៤ ធ្វើឡើងក្រោម បុព្វបទកីឡាជាតិ ដើម្បីព្រែកជីហ្វូណនតេជោ ដោយបានកំណត់យកកីឡាចំនួន ៣៦ប្រភេទ វិញ្ញាសាចំនួន៣២៨វិញ្ញាសា សម្រាប់កីឡាជាតិ លើកទី៤ និងសម្រាប់ចូលរួមកីឡាជាតិជនពិកាលើកទី២ ចំនួន៨ប្រភេទកីឡា មានវិញ្ញាសា ៥៥វិញ្ញាសា សរុបស្មើនឹង ៣៨៣វិញ្ញាសា ដោយមានប្រតិភូគ្រប់កម្រិត កីឡាករ-កីឡាការិនី ចូលរួមប្រគួត ៥,៣៣៩នាក់ មកពី ២៥រាជធានីខេត្ត និង ០៣ក្រសួង គឺក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបន្ថែមថា ព្រឹត្តិការណ៍កីឡាជាតិនេះ ជាការសាកល្បងវាស់ស្ទង់គុណភាព-គុណផលកីឡាករ និងហ្វឹកហ្វឺន អត្តពលិក មន្ត្រីជំនាញកីឡា អោយមានចំណេះដឹង ប្រកបដោយគុណភាព និងបទពិសោធន៍ នៅលើទីលានជាក់ស្តែង ទៅតាមស្តង់ដាកីឡា និងជាការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games) នៅឆ្នាំ២០២៩។
សូមបញ្ជាក់ថា ពីធីរត់ភ្លើងគប់នៅខេត្តកែប ប្រារព្ធឡើង ដោយធ្វើការត់បណ្តាក់ចេញពីចំណុច សួនច្បារមុខសាលាខេត្តកែប ឆ្ពោះទៅកាន់ឆ្នេរលេងទឹក និងបន្តទៅកាន់ទីប្រជុំជនផ្សារក្តាម មកជួបជុំនៅបរិវេណសួនច្បារ «ខ្ញុំស្រឡាញ់ខេត្តកែប» ដោយមានថ្នាក់ដឹកនាំខេត្ត កងកំលាំងទាំងបី ប្រធានមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត ព្រមទាំងប្រតិភូកីឡាសហការី និងអត្តពលិក ចាំទទួលរត់បណ្តាក់ភ្លើងគប់ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង