បង្ក្រាបទីតាំងផ្ទះសំណាក់ និងម៉ាស្សាបង្កប់ការចែកចាយគ្រឿ..ងញៀ..ន ចាប់ខ្លួនមនុស្ស ១៣នាក់ កាំភ្លើង២ដើម និងគ្រឿ..ងញៀ..នមួយចំនួន

(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបង្ក្រាបទីតាំងផ្ទះសំណាក់ និងម៉ាស្សាខារ៉ាអូខេយីហោ OMG massage ដែលបង្កប់ការប្រើប្រាស់ចែកចាយគ្រឿងញៀន នៅក្រុងបាវិត ដោយចាប់ខ្លួនជនជាតិវៀតណាម១៣នាក់ និងគ្រឿងញៀនមួយចំនួនធំ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោ KTV OMG massage ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកបានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន១៣នាក់ និងដកហូតវត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន សារធាតុញៀនសរុបទម្ងន់ ២៧៥.៩២ក្រាម, អាវុធខ្លី២ដើម បង់២ គ្រាប់១៥គ្រាប់, ជញ្ជីងថ្លឹងថ្នាំ៣គ្រឿង, ទូរស័ព្ទដៃ១៦គ្រឿង, រថយន្ត៣គ្រឿង, ម៉ូតូ៣គ្រឿង ព្រមទាំងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង