ឧបករណ៍នេសាទ (សាច់មង) ល្មើសច្បាប់រាប់ពាន់ម៉ែត្រ រួមទាំងវត្ថុតាងពាក់ព័ន្ធជាច្រើន ត្រូវបានមន្ត្រីជំនាញកាប់បំផ្លាញចោល

ខេត្តបាត់ដំបង ៖ ឧបករណ៍នេសាទ (សាច់មង) ល្មើសច្បាប់រាប់ពាន់ម៉ែត្រ រួមទាំងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ត្រូវបានមន្ត្រីជំនាញកាប់បំផ្លាញចោល ក្នុងកិច្ចប្រតបត្តិការចុះបង្ក្រាបបទល្មើសនេសាទ កាលពីថ្ងៃទី១៧ តុលា នៅតំបន់ទន្លេសាបក្នុងភូមិសាស្ត្រ ឃុំជ្រៃ ស្រុកមោងប្ញស្សី តែជនល្មើសមិនត្រូវបានគេឃាត់ខ្លួន ឬស្គាល់អត្តសញ្ញាណឡើយ ។

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ ធ្វើឡើងដោយមន្ត្រីជលផល សហការជាមួយសហគមន៍នេសាទនៅក្នុងតំបន់ ។ កម្លាំងនេះ បានចុះបង្ក្រាបបទល្មើសនេសាទចំនួន០៤ទីតាំងនៅតំបន់ទន្លេសាប ក្នុងទឹកដីឃុំជ្រៃ ដែលបានកាប់បំផ្លាញចោល នូវឧបរកណ៏នេសាទអស់ជាច្រើន តែរកមុខជនល្មើសមិនឃើញឡើយ។

កម្លាំងជលផល និងសគមន៏នេសាទេកាប់បំផ្លាញរួមមាន៖ ១-សាច់មងប្រវែង ៣៤៥០ម៉ែត្រ ២-បង្គោលឈើចំនួន១.៦៣០ដើម ៣-ឡុកចាប់ត្រីចំនួន១២គ្រឿង និង៤-ប្រលែងកូនត្រីចម្រុះចូលបឹងធម្មជាតិចំនួន១២៥គីឡូក្រាម។ របាយការណ៍នៃកិច្ចប្រតិបត្តិការនេះ មិនបានប្រាប់ពីអត្តសញ្ញាណជនប្រព្រឹត្ត ឬបង្ក្រាបបានជនល្មើសឡើយ។ គេកត់សម្គាល់ថា កន្លងទៅ សមត្ថកិច្ចចម្រុះ ស្ទើរគ្រប់តាមបណ្ដាស្រុក ដែលជាប់តំបន់ទន្លេសាប តែងចុះបង្ក្រាបបទល្មើសនសាទជាបន្តបន្ទាប់ ហើយថែមទាំងរឹបអូសឧបករណ៏នេសាទ ឬកាប់បំផ្លាញចោលនូវឧបករណ៍នេសាទ (សាច់បង ឬ បណរ៉ាវ) រាប់ពាន់ម៉ែត្រនៅនឹងកន្លែង តែគេមិនដែលឃើញចាប់បានជនល្មើសបានម្នាក់នៅឡើយ សូម្បីអត្តសញ្ញាណជនល្មើសក៏ទេដែរ ៕

អត្ថបទដែលជាប់ទាក់ទង