កម្ពុជា ប៉ះបង់ក្លាដេស បើកឆាកវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 នារាត្រីនេះ នៅស្ដាតអូឡាំពិក

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់វគ្គជម្រុះជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំទ្វីបអាស៊ី ឆ្នាំ២០២៥ (AFC U17 Asian Cup 2025) ពូលB ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមការប្រកួតថ្ងៃនេះ ខណៈក្រុមជម្រើសជាតិ U17 កម្ពុជា នឹងត្រូវជួបក្រុមភ្ញៀវបង់ក្លាដេសមុនគេ នាវេលាម៉ោង ៧យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)។

សម្រាប់យុទ្ធការប្រកួតជម្រុះជើងឯកយុវជនអាស៊ី នៅរាជធានីភ្នំពេញ ខាងលើ គឺមានបេក្ខភាព ៥ក្រុម រួមមានក្រុមម្ចាស់ផ្ទះកម្ពុជា បង់ក្លាដេស អាហ្វហ្គានីស្ថាន ហ្វីលីពីន និងម៉ាកាវ ដែលត្រូវប្រកួតវិលជុំសន្សំពិន្ទុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ដើម្បីស្វែងរកបេក្ខភាពឡើងទៅជុំផ្ដាច់ព្រ័ត្រ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត នាឆ្នាំ២០២៥។
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិ U17 កម្ពុជា បានថ្លែងក្នុងសន្និសារព័ត៌មាន មុនការប្រកួត ១ថ្ងៃថា លោកមានពេល ២ថ្ងៃប៉ុណ្ណោះ សម្រាប់ការចូលរួមជាមួយក្រុមគោព្រៃជំទង់ បន្ទាប់ពីលោកចប់ភារកិច្ចដឹកនាំក្រុមជម្រើសជាតិកម្ពុជា។ យ៉ាងណាលោកតែងទទួលបានរបាយការណ៍អំពីសកម្មភាពរបស់ក្រុមជារឿយៗពីក្រុមការងារគ្រូជំនួយ។
បុរសជនជាតិជប៉ុនដដែលបន្ថែមថា «កីឡាកររបស់យើង ភាគច្រើនគឺដូចទៅនឹងការប្រកួតពានរង្វាន់ជើងឯកយុវជន U16 អាស៊ីអាគ្នេយ៍ (AFF) កាលពីខែមុនដែរ។ ដូចនេះខ្ញុំមិនសូវមានការបារម្ភឡើយ។ យើងត្រៀមខ្លួនបានល្អណាស់ ហើយយើងរំពឹងថា នឹងទទួលបានលទ្ធផលល្អ ដោយយើងមានពេលមួយថ្ងៃទៀត ដើម្បីធ្វើការហ្វឹកហាត់ និងរៀបចំបន្ថែម»។
គួរដឹងថា មុនឈានដល់ការប្រកួតរវាងក្រុមគោព្រៃជំទង់កម្ពុជា និងបង់ក្លាដេស ក៏នឹងមានជំនួបបើឆាកពូលB រវាងក្រុមម៉ាកាវ និងហ្វីលីពីន ផងដែរ ដែលត្រូវចាប់ផ្ដើមការប្រកួតនាម៉ោង ៤ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង