វិហារសួគ៌ ឈ្នះមេដាយច្រើនគេ នៃការប្រកួតចំបាប់សាកល្បងបច្ចេកទេស យុវជនថ្នាក់ជាតិលើកដំបូង ខណៈសហព័ន្ធ នឹងរក្សាការរៀបចំរាល់ឆ្នាំ

(ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេស យុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ដ្បិតក្លិបយុវជនវិហារសួគ៌ ដណ្ដើមបានមេដាយច្រើនជាងគេ ស្របពេលលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាថា នឹងរក្សាការប្រកួតនេះរៀងរាល់ឆ្នាំ ដើម្បីជំរុញការអភិវឌ្ឍយុវជនថ្នាលឲ្យកាន់តែរីកចម្រើន។

ការប្រកួតនេះ រៀបចំឡើងស្របពេលសហព័ន្ធ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិ ដែលបង្រៀនដោយគ្រូឧទ្ទេសជនជាតិអាមេរិក លោក Martin Hauck ជំនាញការអន្តរជាតិមកពីសហព័ន្ធកីឡាចំបាប់ពិភពលោក (UWW)។ ដូច្នេះលោកបានសម្រេចយកការប្រកួតនេះ ដើម្បីសាកល្បងសមត្ថភាពសិក្ខាកាម ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលផង និងផ្ដល់ឱកាសឲ្យយុវជនថ្នាលចាប់ពីអាយុ ៨ឆ្នាំឡើង បានបង្ហាញសមត្ថភាពផង។
ថ្លែងក្នុងពិធីបិទការប្រកួតលោក ខេស៊ី បានបញ្ជាក់ថា «ការប្រកួតផ្សារភ្ជាប់នឹងវគ្គបណ្ដុះបណ្ដាល ជាលទ្ធផល គឺល្អប្រសើរ ព្រោះយើងឃើញគ្រូបង្វឹករបស់យើង បានប្រើបច្ចេកទេស និងការលើកទឹកចិត្តដល់ក្មេង ទោះបីជាក្មេងខ្លះ ខ្វះបច្ចេកទេស តែការបង្រៀនដល់ក្មេងៗ និងសិស្សានុសិស្ស គឺល្អ។ នេះគឺជាលើកទី១ ដែលយើងមានរៀបចំជើងឯកយុវជនថ្នាក់ជាតិ ចន្លោះអាយុ ៨-១០ឆ្នាំ និង ១៥-១៧ឆ្នាំ ផ្ទុយពីមុនការប្រកួតជើងឯកនៅកម្ពុជា មានក្រោមអាយុ ១៨ឆ្នាំ»។
ដោយសង្កេតឃើញការប្រកួតនេះបានផ្ដល់នូវគុណប្រយោជន៍ជាច្រើន ពិសេសបានផ្ដល់នូវភាពសប្បាយរីករាយ ក៏ដូចជាបទពិសោធន៍ និងអនុស្សាវរីយ៍ដ៏ល្អសម្រាប់កុមារ និងយុវជនចូលរួមទាំងអស់ ហើយជាវេទិការផលិតធនធានថ្នាលបន្ដវេនដ៏ល្អ សហព័ន្ធនឹងរក្សាការប្រកួតនេះរៀងរាល់ឆ្នាំ ហើយអាចបន្ថែមអាយុ ១១-១២ឆ្នាំទៀត ដើម្បីផ្ដល់ឱកាសឲ្យយុវជនបានចូលរួមកាន់តែច្រើន និងចូលរួមថែរក្សានូវប្រភេទកីឡា ដែលជាប្រពៃណី វប្បធម៌ មួយរបស់កម្ពុជាផងដែរ។
អនុប្រធានសហព័ន្ធដដែលបន្ដថា «នេះគឺជាការប្រកួតដ៏សំខាន់ ព្រោះទី១-ដើម្បីរក្សាប្រពៃណីកម្ពុជា។ យើងឃើញនៅតាមជញ្ជាំងប្រាសាទ មានរូបចម្លាក់កីឡាចំបាប់ ហើយនៅខេត្តមួយចំនួន ជាក់ស្ដែងនៅវិហារសួគ៌ រៀងរាល់បុណ្យភ្ជុំបិណ្ឌ គេតែងលេងចំបាប់។ នេះជាការរក្សាវប្បធម៌ខ្មែរ ហើយមួយទៀត គឺជាការបង្កើតធនធានកីឡាករបន្ដវេនឈានទៅកម្រិតអន្ដរជាតិ ដោយផ្ដើមពីការបណ្ដុះកុមារពីអាយុ ៨ឆ្នាំឡើង បើយើងចាប់ផ្ដើមហ្វឹកហាត់ពី ១៥-១៧ឆ្នាំ គឺយឺតពេក។ អ៊ីចឹងដើម្បីរលូនជាមួយកីឡា យើងត្រូវហ្វឹកហាត់ពីក្មេង»។
គួរដឹងថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាង ១០០នាក់ មកពី ១១សមាគម/ក្លិបចូលរួម។ ជាលទ្ធផលក្លិបយុវជនវិហារសួគ៌ ដណ្ដើមបានមេដាយច្រើនជាងគេ មានមេដាយមាស ៣ និងប្រាក់ ២ ខណៈក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ២និងសំរឹទ្ធ ១, ក្លិបយាយព្រីងមានរិទ្ធ និងក្លិបចំបាប់មេទ័ពម៉ឺនឯក ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ដូចគ្នា គ្រាដែលក្លិបគិរីជឺជីតស៊ូ ក៏ឈ្នះមេដាយមាស ១ គ្រឿងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង