ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត ៥ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់។
ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានាព្រឹកថ្ងៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វឌ្ឍនភាពការងារយុវជន បានផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍកាកបាទក្រហមកម្ពុជា ហើយការអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា ក៏បានផ្សារភ្ជាប់ទៅនឹងសុខសន្តិភាព និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាម និងការបែកបាក់របស់សមាគមជាតិទៅជាក្រុម បានធ្វើឱ្យអាសនៈរបស់កាកបាទក្រហមកម្ពុជានៅសហព័ន្ធអន្តរជាតិ ត្រូវបានព្យួរទុកឱ្យនៅទំនេរតាំងពីឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៤។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាកបាទក្រហមកម្ពុជានៅក្នុងប្រទេស ដែលមានបុព្វការីជន នៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ បានចាប់ផ្តើមប្រតិបត្តិការមនុស្សធម៌ឡើងវិញក្នុងស្ថានភាព សង្គម សេដ្ឋកិច្ចមួយដ៏សែនលំបាកបំផុត ដើម្បីជួយប្រជាជនកម្ពុជារួចរស់ពីរបប ប៉ុល ពត ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់បំផុត ព្រមទាំងបានតស៊ូអភិវឌ្ឍន៍ខ្លួនរហូតសម្រេចបានមកវិញនូវឋានៈស្របច្បាប់ជាសមាគមជាតិមានតែមួយគត់នៅក្នុងប្រទេសឡើងវិញ យកចិត្តទុកដាក់បំពេញតួនាទីទៅតាមច្បាប់ជាតិ/ច្បាប់អន្តរជាតិ ថាជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ បានផ្ដល់ដល់កាកបាទក្រហកម្ពុជានូវបរិយាកាសដ៏ល្អប្រសើរក្នុងការអភិវឌ្ឍស្ថាប័នឱ្យបាន រឹងមាំជាជំហានៗ ចាកចេញពីការពឹងផ្អែកលើជំនួយពីអន្តរជាតិ សមាគមជាតិមួយ ដែលមានភាពចាស់ និងម្ចាស់ការបានស្ទើរតែទាំងស្រុងខាងធនធានហិរញ្ញវត្ថុ និងអាចមានឱកាសបានចូលរួមជួយ ដល់សមាគមជាតិមួយចំនួន ដែលរងគ្រោះដោយមហន្តរាយធម្មជាតិផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមមិនរើសមនុស្ស មិនរើសជាតិសាសន៍ និងបំផ្លាញឱកាសរបស់មនុស្ស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមមិនស្គាល់ឡើយអ្នកស្ម័គ្រចិត្ត គ្រាប់កាំភ្លើងមិនស្គាល់ឡើយកាកបាទក្រហម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមមិនត្រឹមសម្លាប់មនុស្សកំលុងពេលមានសង្គ្រាមនោះទេ សង្គ្រាមបញ្ចប់ហើយក៏បន្តនៅយាយីជីវិតមនុស្សតាមរយៈគ្រាប់មីន ដូចជាករណីកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា នៅសល់ផ្ទៃដីមានមីនជាង ៧០០គីឡូម៉ែត្រក្រឡា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព ប្រៀបដូចជាខ្យល់ដង្ហើម បើអស់ខ្យល់ជីវិតមនុស្សក៏នឹងត្រូវអស់ដែរ ដូច្នេះសុខសន្តិភាព គឺសំខាន់សម្រាប់ជីវិតមនុស្ស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជា ត្រូវតែស្គាល់ និងចងចាំជានិច្ចនូវប្រវត្តិសាស្ត្រប្រទេសជាតិ ដែលផ្សាភ្ជាប់ទៅនឹងប្រវត្តិរបស់កាកបាទក្រហកម្ពុជា ហើយត្រូវតែនាំគ្នាគោរពដឹងគុណ បុព្វការីជនរបស់ខ្លួន ដែលពីមួយជំនាន់ ទៅមួយជំនាន់ លោកទាំងឡាយបានខិតខំ យកជីវិតធ្វើជាដើមទុន ដើម្បីសន្តិភាព ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍ របស់បងប្អូនរួមជាតិ ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកយុវជនកាកបាទក្រហមថា កុំសួរខ្លួនឯងថា ពេលចូលកាកបាទក្រហម បានផលអ្វីពីកាកបាទក្រហម តែត្រូវសួរខ្លួនឯងថា ការចូលរួមជាមួយកាកបាទក្រហម តើអាចជួយអ្វីខ្លះដល់សង្គមជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់យុវជនកាកបាទក្រហមប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ប្រកាន់អភិក្រមគុណធម៌ និងសីលធម៌។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យា ព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក។ ត្រូវចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនកាកបាទក្រហម រៀនគិតពិចារណាស្រាវជ្រាវឱ្យបានល្អិតល្អន់មុនជឿលើរឿងអ្វីមួយ។ ត្រូវចេះស្រឡាញ់ជាតិ តែមិនត្រូវជ្រុលនិយម។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនលើកតម្កើងគំនិតវិជ្ជមាន កុំអង្គុយខ្វល់នឹងគេចង់ធ្វើអ្វីមកលើយើង ឬទៅរកវិធីបំផ្លាញគេ គឺត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ពង្រឹងសាមគ្គី ប្រឹងប្រែងផលិត បង្កើត និងផ្សព្វផ្សាយអ្វីដែលខ្លួនមាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឋានៈសម្តេចជានាយករដ្ឋមន្ត្រី សម្តេចមិនបានចាប់អារម្មណ៍នឹងការវាយប្រហារនោះឡើយ តែសម្តេចយកចិត្តទុកដាក់លើការងារដែលត្រូវធ្វើដើម្បីបានជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនកាកបាទក្រហម បន្តពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែក ពង្រឹងសកម្មភាព មិត្ត-អប់រំ-មិត្ដ និង មិត្ត-ជួយ-មិត្ត ចេះជួយសិស្ស និស្សិត យុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយ កំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនកាកបាទក្រហម បន្តអនុវត្តគោលនយោបាយយុវជន និងសេចក្ដីណែនាំនានារបស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឋានៈសម្តេចជានាយករដ្ឋមន្ត្រី សម្តេចមិនបានចាប់អារម្មណ៍នឹងការ វាយប្រហារនោះឡើយ តែសម្តេចយកចិត្តទុកដាក់លើការងារដែលត្រូវធ្វើដើម្បីបានជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់នៅវេលាម៉ោង ៩៖២៨នាទី នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង