ទាំងថៃ ទាំងខ្មែរ សូម្បីតែជាងអ៊ុតសក់ ថែមទាំងសិស្សសាលាគ្រូបង្រៀន និងមន្ត្រីរាជការ សុទ្ធតែបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុន Icon Group ដោយរងគ្រោះតគ្នាជាបណ្តាញ

បាងកក ៖ ទាំងថៃ ទាំងខ្មែរ សូម្បីតែជាងអ៊ុតសក់ ថែមទាំងសិស្សសាលាគ្រូបង្រៀន និងមន្ត្រីរាជការ សុទ្ធតែបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុន Icon Group ដោយរងគ្រោះតគ្នាជាបណ្តាញ ។

ប្រភពពីសារព័ត៌មានថៃ khaosod បានចុះផ្សាយក្រោមចំណងជើងថា មិនមែនមានតែជនជាតិថៃប៉ុណ្ណោះទេ ប្រជាជនខ្មែរ ក៏បានធ្លាក់ខ្លួនជាជនរងគ្រោះក្នុងអំពើឆបោកជាបណ្តាញរបស់ Icon Group ហើយបើតាមដឹង មិនតិចជាង ១០០០ នាក់នោះទេ។

ពលរដ្ឋខ្មែរម្នាក់បានទម្លាយថា ខ្លួនក៏ជាជនរងគ្រោះម្នាក់ដែលចាញ់បោក Icon Group ក្រោយពីសម្រេចចិត្តកាត់កញ្ចប់ ២៥ម៉ឺនបាតជាមួយ Boss Suay ដែលមានឈ្មោះពេញ Natpasorn Chatthanasor ជាមេខ្លោងម្នាក់ក្នុងចំនោមមេខ្លោងទាំង ១៨នាក់ ដែលកំពុងជាប់ឃុំបណ្តោះអាសន្នក្នុងមន្ទីរឃុំឃាំង។

ស្ថិតក្នុងចំនោមជនរងគ្រោះជាច្រើននាក់ដែលបានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យស៊ើបអង្កេតកណ្តាល ស្ត្រីជនជាតិខ្មែរដែលអះអាងថា ខ្លួនមកពីប្រទេសកម្ពុជា ឈ្មោះថា ជេននី អាយុ៤២ឆ្នាំ បានបង្ហើបថា នៅឆ្នាំ២០២២ ក្នុងអំឡុងពេលកូវីដ ចំពេលដែលអ្នកស្រីកំពុងស្វែងរកការងារដើម្បីបានប្រាក់ចំណូលបន្ថែម នាងបានប្រទះឃើញថា មានវគ្គបង្រៀនលក់អនឡាញពី Icon Group ដែលចំណាយត្រឹមតែ ៩៧បាត ទើបនាងសម្រេចចិត្តចុះឈ្មោះចូលរៀន។
១ថ្ងៃ២ថ្ងៃដំបូងនឹងបង្រៀនអ្នកពីរបៀបលក់ ប៉ុន្តែក្រោយមកនៅថ្ងៃទី៣ ទី៤ នឹងមានការបញ្ចុះបញ្ចូលសិក្ខាកាម ហើយម្នាក់ក្នុងចំណោមអ្នកដែលបានមកបង្រៀនគឺ ” Boss Suay ” បានបបួលនាងឱ្យវិនិយោគក្នុងអាជីវកម្មជាមួយ The Icon ទើបនាងសម្រេចចិត្តកាត់កញ្ចប់តម្លៃ២៥ម៉ឺនបាត។
អ្នកស្រី ជេននី បន្តថា នៅឆ្នាំ២០១៤ Icon Group ក៏បានវាយលុយចូលទីផ្សារក្នុងប្រទេសកម្ពុជា ដោយមាន Boss Paul និង Boss ជាច្រើននាក់ដែលជាតារាល្បីៗ ជាពិសេសគឺ Boss Sam ដែលខ្មែរស្គាល់ច្បាស់ថា តារាសម្តែងជើងចាស់លោកប៉ាតាវី បានចេញចូលប្រទេសកម្ពុជាជាញឹកញាប់ ដើម្បីបើកសម្ពោធផលិតផល បើកវគ្គបង្រៀន និង ជ្រើសរើសមេក្រុមនិងតំណាងចែកចាយជាប្រជាជនខ្មែរមិនតិចជាង ១០០០នាក់នោះទេ។
ស្លេសពីរឿង Icon Group នៅខ្មែរ ងាកទៅបច្ចុប្បន្នទៅថៃវិញ ដោយសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារ Icon Group បន្តកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះមានទាំងទីក្រុង មានទាំងខេត្តនោះ ប៉ូលីសថៃបានប្រកាសថា ដើម្បីផ្តល់ភាព ងាយស្រួល ជនរងគ្រោះទាំងអស់មិនចាំបាច់ឡើងមកទីក្រុងបាងកក ដើម្បីដាក់ពាក្យបណ្តឹងនោះទេ ដោយប៉ូលីសនឹងបើកមជ្ឈមណ្ឌលទទួលពាក្យបណ្តឹងទូទាំងប្រទេសចាប់ពីថ្ងៃទី១៨តុលាតទៅ។
ប្រភពពីសារព័ត៌មានថៃ PBS World គិតត្រឹមថ្ងៃទី១៧តុលា មានជនរងគ្រោះ ២៦៥៤នាក់បានមកដាក់បណ្តឹង និងរាយការណ៍ពីការខាតបង់របស់ពួកគេ ដែលស្មើនឹងទឹកប្រាក់សរុបជាង ៨៣០លានបាតហើយ។ តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ជនរងគ្រោះភាគច្រើនក្នុងម្នាក់ៗ បានខាត់បង់ប្រាក់ចន្លោះពីខ្ទង់ ៦០ម៉ឺនទៅជិត ១លានបាត ដោយរាប់បញ្ចូលទាំងថ្លៃសមាជិកភាព ថ្លៃកាត់ស្តុកផលិតផល ថ្លៃផ្សាយពាណិជ្ជកម្ម ថ្លៃសិក្ខាសាលា និងការចំណាយផ្សេងៗ។
អ្វីដែលកាន់តែហួសចិត្តនោះ ជនរងគ្រោះដោយសារ Icon Group ត្រូវបានគេរាយការណ៍ថា មានទាំង មនុស្សចាស់ជរា អ្នកមានជំងឺមហារីក អ្នករើសអេតចាយ ជាងកាត់សក់ គ្រូបង្រៀន សិស្សសាលា និងសូម្បីតែមន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរជាច្រើននាក់ផងដែរ ដែលរងគ្រោះជាបណ្តាញតៗគ្នា។
សារព័ត៌មាន Matichon បានសម្ភាសន៍ជាមួយបុរសចំណាស់ម្នាក់ដែលមានមុខរបរជាកម្មករអ្នកបោសសំអាតសំរាមតាមផ្លូវ រស់នៅ ក្នុងខេត្តបុរីរ៉ាំ ដែលបានអះអាងថា គាត់បានបោកក្រុមហ៊ុនIcon Group អស់ពីខ្លួន ជាពិសេគឺប្រាក់សន្សំដែលខំរកអស់មួយជីវិតត្រូវ បាត់បង់ហើយនោះ ថែមទាំងត្រូវប្រពន្ធខឹងដេញចេញពីផ្ទះថែមទៀត។ បុរសចំណាស់ វ័យ៥៨ឆ្នាំបានរំលឹកថា ថ្ងៃមួយគាត់ត្រូវបានក្រុមហ៊ុននេះល្បួងឱ្យចូលរៀនវគ្គលក់តាមអនឡាញ ដោយចំណាយអស់២៥០០បាត ហើយក៏ត្រូវក្រុមហ៊ុនបញ្ចុះបញ្ចូលឱ្យកាត់ផលិតផលកញ្ចប់ ២០ម៉ឺនបាត។
ដំបូងឡើយគាត់មិនហ៊ានប្រថុយទេ ប៉ុន្តែដោយសារតែតារាប្រុសជើងចាស់លោកប៉ាត់តាវី ដែលជាIdolរបស់គាត់ ផ្សព្វផ្សាយផលិតផលនោះ និងដោយក្តីសង្ឃឹមថា អាចផ្លាស់ប្តូរជីវភាពអាចរកលុយទុកចិញ្ចឹមខ្លួនពេលចាស់ទៅនោះ គាត់ក៏ប្រមែប្រមូលប្រាក់សន្សំរបស់ខ្លួន រួមទាំងលុយដែលរកបាន ពីការរើសអេតចាយទៅបណ្តាក់ទុនទាំងអស់ តែជាអកុសលផលិតផលទាំងនោះ លក់មិនដាច់នោះឡើយ រហូតដល់ពេលនេះ ក្រោយពីផ្ទុះកក្រើកថាក្រុមហ៊ុននេះជាក្រុមហ៊ុនបោក គាត់ពិតអស់សង្ឃឹមខ្លាំងណាស់។
ងាកទៅជនរងគ្រោះម្នាក់ទៀត ដែលជាជាងអ៊ុតសក់ម្នាក់នៅ ករណីមួយទៀតកាន់ខេត្តឡាំប៉ាង បានអះអាងថា នាងបានយកឡានទៅបញ្ចាំ និងខ្ចីបងប្អូន ដើម្បីយកលុយមកបណ្តាក់ទុកជាមួយ Icon Group ហើយខាតអស់ប្រាក់ ៣០ម៉ឺន។ កាលពីថ្ងៃទី១៧ តុលា ពេលមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្រុងឡាំប៉ាង ស្ត្រីវ័យ៣៩ឆ្នាំ ឈ្មោះ Ubon Sawan បានបញ្ជាក់ថា កំឡុងឆ្នាំ២០២១នៃវិបត្តិកូវីដ១៩ ខ្លួនត្រូវបានគេបបួលឱ្យចូលរៀនវគ្គអនឡាញ និងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងតម្លៃ ៩៨បាត ហើយដើម្បីក្លាយជាសមាជិកត្រូវបង់ប្រាក់ ២៥០០បាត ដើម្បីសាកល្បងទិញអាហារបំប៉នផ្សេងៗមកញ៉ាំ។

បន្តមក នាងត្រូវគេបញ្ចុះបញ្ចូលឱ្យទិញកញ្ចប់តូច ២៥០០០បាតទៀត ហើយក្រោយមកក៏កាត់បញ្ចប់ ២៥ម៉ឺនបាត ដោយទទួលបានផលិតផលជាច្រើន ដូចជា Collagen និងអាហារបំប៉នផ្សេងៗ ប៉ុន្តែនាងមិនអាចលក់វាបានទេ ព្រោះគ្មានអ្នកទិញ ថែមទាំងត្រូវចំណាយលើការផ្សាយពាណិជ្ជកម្មតាមហ្វេសបុកទៀត។ ថ្ងៃនេះនាងសម្រេចចិត្តមកដាក់ពាក្យបណ្តឹង ដោយសង្ឃឹមថា នឹងទទួលបានសំណងខ្លះមកវិញ។
ករណីចាញ់បោក Icon Group នៅឯខេត្តឈៀងម៉ៃវិញ គឺមានទាំងគ្រូបង្រៀន មានទាំងសិស្សសាលា ដោយសរុបទឹកប្រាក់ ដែលបានខាតបង់ច្រើនជាង ២១លានបាត។ អ្នកគ្រូ និត អាយុ ៤០ឆ្នាំ ជាគ្រូបង្រៀននៅខេត្តឈៀងម៉ៃ ត្រូវគេដឹងថាជាជនរងគ្រោះម្នាក់ដែលបានដាក់ពាក្យបណ្តឹង បានរៀបរាប់ពីដំណើរដើមទងមិនខុសគ្នាពីជនរងគ្រោះដទៃនោះទេ។
គាត់ថា លុយដែលគាត់វិនិយោគនៅក្នុង Icon Group សរុបជាង ៧០ម៉ឺនបាត ដែលជាលុយបានមកពីបញ្ចាំប្លង់ដីជាមួយធនាគារ ដើម្បីកាត់យកផលិតផលដូចជា ប្រូតេអ៊ីន វីតាមីន C និងកាហ្វេសម្រកមកលក់បន្ត ប៉ុន្តែផលិតផលទាំងនោះមិនអាចលក់បានទេ ទោះបីជាបង្ហោះលក់ក្នុងតម្លៃខាតដើមក៏ដោយចុះ។ ក្រោយលក់មិនចេញ ក្រុមហ៊ុនបានព្យាយាមបញ្ចុះបញ្ចូលឱ្យជ្រើសរើសកូនក្រុម ដោយផ្តោតលើក្រុមមនុស្សចាស់ ប៉ុន្តែខ្លួនគាត់ផ្ទាល់គិតថា វាមិនជាត្រឹមត្រូវទេ គាត់មិនចង់បោកមនុស្សចាស់ឡើយវាបាប គាត់ក៏សម្រេចដកខ្លួនទាំងខាតត្រឹមឆ្នាំ២០២៣។
អ្នកគ្រូនីត បន្តថា គាត់ចេញមកផ្តល់ព័ត៌មាន និងដាក់ពាក្យបណ្តឹង ដើម្បីជាសំឡេងឱ្យសង្គមបានដឹង បានឃើញថា មានជនរងគ្រោះជាច្រើននាក់ទៀតដែលរងគ្រោះ ដោយខ្លះជំពាក់បំណុលវណ្ឌ័ក ខ្លះសម្លាប់ខ្លួន ខ្លះមានបញ្ហាគ្រួសារ ឈ្លោះលែងលះគ្នា។
យោងតាមសេចក្តីរាយការណ៍ ក៏មានជនរងគ្រោះជាច្រើននាក់ទៀត មិនទាន់ហ៊ានចេញមុនមកដាក់ពាក្យប្តឹងនោះទេ ក្រោមហេតុផលថា ពួកគេភាគច្រើនជាមន្ត្រីរាជការ ពាណិជ្ជករ និងអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីៗ។
យ៉ាងណាក៏ដោយនេះគ្រាន់តែជាប្រភពពីជនរងគ្រោះដែលត្រូវបានដកស្រង់ពីបណ្តាសារព័ត៌មានក្នុងប្រទេសថៃ ខណៈដែលនៅកម្ពុជាយើងនៅមិនទាន់ទទួលដំណឹងថា មានជនរងគ្រោះណាម្នាក់ដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ ហើយក៏ទាន់ដឹងថា តើមានជនរងគ្រោះប៉ុន្មាននាក់ទៅ ដែលត្រូវខាតបង់ប្រាក់កាស តើពួកគេទាំងនោះមានអ្នកលក់ផ្ទះ លក់ដី លក់ស្រែ យកលុយមកវិនិយោគជាមួយក្រុមហ៊ុនដែរឬអត់ ឬក៏ពួកគាត់ខ្លាចខ្មាសគេមិនហ៊ានចេញមុខប្តឹង?
យើងរង់ចាំមើលទាំងអស់គ្នាថា តើBoss ធំៗជាច្រើននាក់របស់ Icon Group នៅស្រុកខ្មែរយើង អាចនឹងមានវាសនាដូច Boss ទាំង១៨នៅប្រទេសថៃដែរឬទេ? ៕

អត្ថបទដែលជាប់ទាក់ទង