ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមជម្រាបថា យុវជនកាកបាទក្រហមកម្ពុជា មកពីតាមគ្រឹះស្ថានឧត្តមសិក្សានានា ដែលត្រូវបំពាក់កន្សែងនាពេលនេះមានចំនួន ៤ ៧៤២នាក់ ក្នុងនោះមាននារីចំនួន ៣ ១០៦នាក់។ វឌ្ឍនភាពការងារយុវជន បានផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍកាកបាទក្រហមកម្ពុជា ហើយការអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា ក៏បានផ្សារភ្ជាប់ទៅនឹងសុខសន្តិភាព និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ។ ក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជាត្រូវតែស្គាល់ និងចងចាំជានិច្ចនូវប្រវត្តិសាស្ត្រប្រទេសជាតិ ហើយត្រូវតែនាំគ្នាគោរពដឹងគុណ បុព្វការីជនរបស់ខ្លួន ព្រមទាំងបន្តការយកចិត្តទុកដាក់សិក្សារៀនសូត្រមុខជំនាញឱ្យបានច្បាស់លាស់ ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ និងសិក្សាបន្ថែមនូវបច្ចេកវិទ្យា ព័ត៌មានឌីជីថល និងភាសាបរទេសឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក។
សូមបញ្ជាក់ថា សង្គ្រាម និងការបែកបាក់របស់សមាគមជាតិ បានធ្វើឱ្យអាសនៈរបស់កាកបាទក្រហមកម្ពុជានៅសហព័ន្ធអន្តរជាតិត្រូវបានព្យួរទុកឱ្យនៅទំនេរតាំងពីឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៤។ កាកបាទក្រហមកម្ពុជានៅក្នុងប្រទេសបានចាប់ផ្តើមប្រតិបត្តិការមនុស្សធម៌ឡើងវិញក្នុងស្ថានភាពសង្គម-សេដ្ឋកិច្ចមួយដ៏សែនលំបាកបំផុត ដើម្បីជួយប្រជាជនកម្ពុជាដែលរួចរស់ពីរបប ប៉ុល ពត ហើយកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់បំផុត ព្រមទាំងបានតស៊ូអភិវឌ្ឍន៍ខ្លួនរហូតសម្រេចបានមកវិញនូវឋានៈស្របច្បាប់ជាសមាគមជាតិមានតែមួយគត់នៅក្នុងប្រទេស និងមានភាពម្ចាស់ការស្ទើរតែទាំងស្រុងខាងធនធានហិរញ្ញវត្ថុ ដោយបានយកចិត្តទុកដាក់បំពេញតួនាទីទៅតាមច្បាប់ជាតិ និងអន្តរជាតិ នៅក្នុងវិស័យមនុស្សធម៌ជាជំនួយការជូនអាជ្ញាធរសាធារណៈ៕