តំណាងអយ្យការសម្រេចចោទប្រកាន់ លោក កាម៉ារូទីន ស៊ូហៃមី ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ
ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះថា តំណាងអយ្យការបានចោទប្រកាន់លេីជនត្រូវចោទចំនួនពីរបទល្មើសទី១. ពីបទ រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មេីស តាមមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ និងទី ២.ពីបទប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និង ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា ២៤៧ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទ ឈ្លោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រង អន្តេវាសិកដ្ឋានសិស្សនារី នៃសាលារៀនអាន់នៀក ម៉ះ ភ្នំពេញ ដែលស្ថិតនៅគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។
គួររំលឹកថាកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានចាប់បញ្ជូនអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាស នាឥស្លាមកម្ពុជា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយពាក់ព័ន្ធការចោទប្រកាន់ករណីបៀតបៀនរាងកាយ និងរំលោភបំពានកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យសមត្តកិច្ចនគរបាល កោះហៅជនសង្ស័យយកទៅសាកសួរ នៅនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។
ក្រោយពីមានការផ្សព្វផ្សាយបង្ហោះលើបណ្តាញសង្គម ដោយ ចោទប្រកាន់ ថា លោក កាម៉ារូទីន ស៊ូហៃមី ជាប់ពាក់ពន្ធនិងករណីបៀត បៀនរាងកាយ និង រំលោភបំពានកុមារី ជាសិស្សសាលាខ្មែរឥស្លាម ៕