ចាប់ខ្លួនជនស//ង្ស័យ សកម្មក្នុងអំពើលួ//ច និងបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋ ចំនួន៥នាក់
ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យសកម្មក្នុងអំពើលួចនិងបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋចំនួន៥នាក់ ត្រូវបានចាប់ខ្លួនដោយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ក្រោយប្រព្រឹត្តសកម្មភាពលួចម៉ូតូបានសម្រេចកាលពីពេលថ្មី ។
ក្រោយការក្រសោបក្រុមជនសង្ស័យដ៏សកម្មខាងលើ អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែងក៏បានបង្ហាញមុខជនសង្ស័យទាំងនោះ រួមវត្ថុតាងកាលពីល្ងាចថ្ងៃទី១៨ តុលា ២០២៤។
ជនសង្ស័យទាំង៥នាក់ ដែលបានឃាត់ខ្លួនទី១-ឈ្មោះ លីពុតតុលា អាយុ២២ឆ្នាំ ជាមេខ្លោង ទី២-ឈ្មោះ សាយនីត អាយុ១៧ឆ្នាំ មានប្រើប្រាស់គ្រឿងញៀនបន្ថែមទៀត ទី-៣ឈ្មោះឈុំដូរ៉ូន អាយុ១៨ ឆ្នាំ ទី៤-ឈ្មោះវ៉ាន់វ៉ារី អាយុ១៨ឆ្នាំ និងទី៥-ឈ្មោះអ៊ូន បញ្ញា អាយុ១៨ឆ្នាំ អ្នកទាំង៥រស់នៅក្នុងក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
យោងតាមបណ្ដឹងប្រជាពលរដ្ឋក្នុងករណីបាត់ម៉ូតូ កម្លាំងនគរបាលក្រុងបានសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍ មូលដ្ឋាន ស្រាវជ្រាវ ប្រមាញ់រហូតក្រសោបបានក្រុមជនសង្ស័យចំនួន៥នាក់ និងរឹមអូសយកម៉ូតូបានមកវិញចំនួន៤គ្រឿង ។
ក្រុមទាំងនេះជាក្រុមសកម្មចេញលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយឥតរើសមុខ ដូចជាម៉ូតូ លួចកាត់ខ្សែភ្លើង និងគាស់ផ្ទះលួចសម្ភារៈរបស់របរប្រជាពលរដ្ឋផ្សេងៗច្រើនទៀត ។
លោកអធិការបន្ថែមថា ជាមួយនឹងការបង្ក្រាបបានជនសង្ស័យទាំង៥នាក់នេះ ក៏បក្សពួកមាន២នាក់ទៀតនាំយកម៉ូតូមួយគ្រឿងទៅលក់នៅភ្នំពេញ ហើយសមត្ថកិច្ចយើងក៏បានធ្វើការទំនាក់ទំនងគ្នា ជាមួយកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីតាមចាប់ខ្លួនយកមកអនុវត្តច្បាប់អោយខាងតែបាន។
ក្រុមជនសង្ស័យនេះ ក្រៅពីចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងក្រុងក៏ជាក្រុមទំនើងដែលបង្ហោះម៉ូតូបង្កការរំខានដល់ប្រជាពលរដ្ឋកណ្ដាលយប់អាធ្រាត្រផងដែរ។
ទាក់ទិនករណីចោរកម្ម លោកអធិការក្រុងក៏បានរំលឹកផងដែរថា ជាបន្តបន្ទាប់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបានចុះបង្ក្រាបក្រុមចោលដែលកាត់ខ្សែភ្លើងបានជាបន្តបន្ទាប់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការព្រមទាំងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារជាច្រើនករណីផងដែរ។
លោកអធិការថា ជាមួយគ្នានេះសូមឱ្យប្រជាពលរដ្ឋយើង ត្រូវលើកកម្ពស់ថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ ហើយបើបានដឹងពីមុខសញ្ញាចោរលួចចោរប្លន់នៅក្នុងមូលដ្ឋានត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើម្បីយើងរួមគ្នាចាត់វិធានការឲ្យបានទាន់ពេលវេលា កុំឲ្យជនសង្ស័យទាំងនោះមានលទ្ធភាពចេញប្រព្រឹត្តសកម្មភាពបន្ត។
ដោយឡែក ជនសង្ស័យដែលជាបក្សពួកចំនួន២នាក់ទៀតដែលយកម៉ូតូទៅលក់ដល់ភ្នំពេញសមត្ថកិច្ចនិងបន្តធ្វើការស្រាវជ្រាវ ឃាត់ខ្លួនផងដែរ ៕